(កំពង់ធំ)៖ លោក គៀង សេងគី ប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមប្រឹក្សាឃុំត្បូងក្រពើ ស្រុកសន្ទុក បានជំរុញឱ្យប្រជាពលរដ្ឋចូលរួមប្រកបមុខរបរចិញ្ចឹមសត្វបន្ថែម ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ។

លោក គៀង សេងគី បានជំរុញបែបនេះ នៅក្នុងឱកាសដែលលោក និងក្រុមការងារចុះពិនិត្យការចិញ្ចឹមមាន់នៅក្នុងស្រុកប្រាសាទសំបូរ និងស្រុកសណ្តាន់ ខេត្តកំពង់ធំ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ជាគម្រោងខ្នាតតូច គម្រោងលើកកម្ពស់សមត្ថភាពស្ថាប័ន និងការប្រតិបត្តិ របស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន។

កម្មវិធីនេះ មានការគាំទ្រថវិកាពីសហភាពអឺរ៉ុប (EU) ពីឆ្នាំ២០២០-២០២១ និងគាំទ្របច្ចេកទេសពីស្ថាប័នដៃគូអនុវត្តគម្រោងរួមមាន៖ សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តពោធិ៍សាត់, វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API) និងអង្គការអេដអាក់ស្យុង (AEA)។

លោកបានបន្តថា កម្មវិធីនេះមានគោលបំណងលើកកម្ពស់គណនេយ្យភាព តម្លាភាព សុច្ចរិតភាព ការឆ្លើយតបនឹងតម្រូវការដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ និងជនងាយរងគ្រោះ និងផ្ដល់សេវាសាធារណៈឱ្យកាន់តែប្រសើរព្រមទាំងចង់ឱ្យប្រជាពលរដ្ឋក្រីក្រមានការផ្លាស់ប្ដូរឥរិយាបថ ចេះមានការចិញ្ចឹម ដាំដុះ ដើម្បីធ្វើឱ្យជីវភាពប្រសើរឡើង និងចង់ពង្រឹងសមត្ថភាពក្រុមប្រឹក្សាថ្នាក់មូលដ្ឋានរបស់យើងជាពិសេស គឺក្រុមប្រឹក្សាក្រុងស្រុកដែលជាសាខា របស់សមាគម និងក្រុមប្រឹក្សាឃុំមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្ដល់សេវាដល់ប្រជាពលរដ្ឋជាពិសេស គឺក្រុមជនងាយរងគ្រោះ និងជនពិការដើម្បីឱ្យគាត់មានលទ្ធភាពក្នុងការប្រកបរបរចិញ្ចឹមជីវិតរបស់គាត់ឱ្យមានភាពរីកចម្រើន។

ជាមួយគ្នានេះដែរ លោក គៀង សេងគី ក៏បានអំពានាវដល់ពលរដ្ឋទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អដោយអនុវត្តការរស់នៅស្អាត ហូបស្អាត កុំបន្ទោរបង់ពាសវាលពាសកាល ត្រូវសម្រាន្តក្នុងមុង ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីការពារសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃកាត់បន្ថយការស្លាប់ ពិការភាព និងជួយអប់រំណែនាំដល់កូនចៅឱ្យរស់ឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនវាបំផ្លាញអនាគតរបស់ក្រុមគ្រួសារ និងសង្គមជាតិ។

ទន្ទឹមនឹងនេះ លោកបានណែនាំដល់អ្នកចូលរួមទាំងអស់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ដោយចូលរួមរួមអនុវត្តវិធានការការពារ និងកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ដោយអនុវត្តឱ្យបានត្រឹមត្រូវ តាមសារអប់រំនានា របស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងជំងឺដ៏កាចសាហាវនេះ តាមរយៈការលាងដៃឱ្យបានញឹកញាប់ និងជាប្រចាំជាមួយសាប៊ូ ត្រូវទម្លាប់ហូបទឹកក្តៅរាល់ថ្ងៃ ដោយយកចិត្តទុកដាក់រក្សាសុខភាពអនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួនឱ្យបានជាប្រចាំ បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ ត្រូវពាក់ម៉ាសជាដើម។

ជាមួយគ្នានេះដែរអាជ្ញាធរ និងប្រជាពលរដ្ឋបានសម្តែងអំណរគុណដល់ម្ចាស់ជំនួយ និងសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ធំដែលបានជួយដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះដើម្បីបង្កើតនូវមុខរបរសម្រាប់ទ្រទ្រង់គ្រួសារក្នុងបរិបទកូវីដ១៩។

គួរបញ្ជាក់ថា គម្រោងខ្នាតតូចនេះបានអនុវត្តទាំង៩ ក្រុង-ស្រុក ក្នុងខេត្តកំពង់ធំ ដោយមានប្រជាពលរដ្ឋចំនួន ១០៣គ្រួសារ បានទទួលផលដែលក្នុងមួយគ្រួសារទទួលបានមាន់ពូជចំនួន ១០គីឡូក្រាម សាច់មង់ ៣៥ម៉ែត្រ ចំណីសត្វ ២៥គីឡូក្រាម និងសម្ភារដាក់ទឹក និងចំណីចំនួន ៣ផងដែរ៕