(តាកែវ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ទោះបីជាការចុះពិនិត្យជាច្រេីនលេីកឃេីញថា គុណភាពនៃការសាងសង់ផ្លូវជាតិលេខ៣ បានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសក៏ដោយ តែលុះត្រាតែដាក់ឱ្យប្រេីប្រាស់បានរយៈពេល១ឆ្នាំ ហេីយមិនមានបញ្ហាខូចខាត ទេីបអាចទទួលយកបាន។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលេីកឡេីងដូចនេះ នារសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ ក្នុងឱកាសដែលលោក និងលោកស្រី និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (គណៈកម្មការទី៩) នៃរដ្ឋសភា ដឹកនាំគណៈប្រតិភូចម្រុះចុះពិនិត្យមើលសកម្មភាព និងវឌ្ឍនភាពសាងសង់ផ្លូវជាតិលេខ៣ ដោយមានការចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធ តំណាងក្រុមហ៊ុន សាងសង់ តំណាងក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស និងភាគីពាក់ព័ន្ធ។

លោកទេសរដ្ឋមន្ត្រី បានបន្ថែមថា គម្រោងសាងសង់ផ្លូវជាតិលេខ៣នេះ បានធ្វេីចប់រួចរាល់មុនផែនការរហូតដល់មួយឆ្នាំ ដោយគិតមកដល់ពេលនេះសម្រេចបាន៩៨% ហេីយមានគុណភាពល្អ និងធ្វេីបានលឿនផងដែរ។ ផ្លូវជាតិលេខ៣ នឹងដាក់ជញ្ជីងថ្លឹងរថយន្តចំនួន២ ដេីម្បីឱ្យរថយន្តចូលថ្លឹង ជាមួយគ្នានោះក៏បានត្រៀមដាក់ជញ្ជីងបង្កប់ក្រោមដីបន្ថែមទៀត ដេីម្បីធ្វេីយ៉ាងណា ទប់ស្កាត់រថយន្តដឹកទំនិញលេីសទម្ងន់ ដែលជាមូលហេតុធ្វេីឱ្យផ្លូវខូចផងដែរ។

លោកទេសរដ្ឋមន្ត្រី បានបន្ថែមថា មានក្រុមហ៊ុនមួយចំនួនចង់បានតែចំនេញ មិនគិតជួយថែទាំសម្បត្តិរបស់ជាតិនោះទេ ដោយប្រឹងដឹកទំនិញលេីសទម្ងន់កំណត់ច្រេីន ដោយអះអាងថា មិនមែនជាផ្លូវដែលខ្លួនចេញលុយសាងសង់នោះឡេីយ។ លោកថា នៅតាមទល់ដែនពេលផ្ទេរទំនិញឃេីញថា ឡានទំនិញរបស់យេីងមួយ គឺត្រូវការឡានដឹកទំនិញរបស់ប្រទេសគេ២ទេីបដាក់អស់។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្ថែមថា ក្រុមការងាររបស់ក្រសួង តែងតែធ្វេីសកម្មភាពចុះឆ្មក់ចាប់រថយន្តដឹកទំនិញ នៅតាមផ្លូវធំ ដេីម្បីធ្វេីការផាកពិន័យ និងឃាត់ទុក ដោយគិតមកដល់ពេលនេះ បានចាប់រថយន្តទុកមួយឆ្នាំ មិនឱ្យបេីកបរ បានជាង១០០គ្រឿងហេីយ ដោយមិនគិតថា ជាឡានរបស់អ្នកណា មានខ្នងធំយ៉ាងណានោះ គឺមិនអាចអន្តរាគមន៍ដោះលែងបាននោះទេ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាល មិនដែលចង់បានអ្វីពីប្រជាពលរដ្ឋនោះទេ គ្រាន់តែសុំត្រឹមឱ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមគោរពច្បាប់ចររាចរណ៍ឱ្យបានគ្រប់ៗគ្នាផងដែរ ដែលនេះគឺជាការជួយដល់រាជរដ្ឋាភិបាលក្នុងការកសាងប្រទេសជាតិហេីយ។ បេីពលរដ្ឋទាំងអស់ចូលរួមគោរពច្បាប់ចររាចរណ៍ រាជរដ្ឋាភិបាល ក៏មានកម្លាំងចិត្តក្នុងការធ្វេីផ្លូវឱ្យកាន់តែល្អបន្ថែមទៀតផងដែរ។

សូមបញ្ជាក់ថា ការពង្រីក និងលើកកម្រិតគុណភាព (ពី DBST ទៅ AC) លើកំណាត់ផ្លូវជាតិលេខ៣នេះ មានប្រវែងសរុបជិត១៣៥គីឡូម៉ែត្រ ចាប់ពីរង្វង់មូលចោមចៅ ដល់ក្រុងកំពត ក្រោមហិរញ្ញប្បទានសម្បទានរបស់រដ្ឋាភិបាលចិនជាង ២០០លានដុល្លារអាមេរិក។

គម្រោងនេះចែកចេញជាពីរកំណាត់៖ កំណាត់ទី១ ចាប់ពីភ្នំពេញ (ចោមចៅ)-បែកគូស មានប្រវែងជិត៧០គីឡូម៉ែត្រ ត្រូវពង្រីកទទឹងតួផ្លូវរហូតដល់ ២៤.៥ម៉ែត្រ ជា៤គន្លង (២គន្លងទៅ ២គន្លងមក) ដោយក្រាលបេតុងកៅស៊ូ AC កម្រាស់ ៩សង់ទីម៉ែត្រ ទទឹង ២១ម៉ែត្រ លើទទឹងតួផ្លូវសរុប ២៤.៥ម៉ែត្រ។ ដោយឡែកកំណាត់ទី២ ចាប់ពីបែកគូស ដល់ក្រុងកំពត ប្រវែងជិត៦៥គីឡូម៉ែត្រ ត្រូវពង្រីកទទឹងតួផ្លូវរហូតដល់ ១២ម៉ែត្រ ជា២គន្លង (១គន្លងទៅ ១គន្លងមក) ដោយក្រាលបេតុងកៅស៊ូ AC កម្រាស់៧សង់ទីម៉ែត្រ ទទឹង ១១ម៉ែត្រផងដែរ៕