(ព្រះសីហនុ)៖ ក្រុមគ្រូពេទ្យកងទ័ព នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋទូទៅចាប់ពីអាយុ១៨ឆ្នាំឡើង នៅក្នុងខេត្តចំនួន៤ ដែលមានប្រជាពលរដ្ឋចំនួនជាង ១លាន ២សែននាក់ ខណៈកងទ័ពទទួលបន្ទុកចាក់ជូនពលរដ្ឋប្រមាណ ៨១ម៉ឺននាក់។

ការបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតាមបណ្តាខេត្តចំនួន៤នេះ គឺបន្ទាប់ពីមានការណែនាំដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សំដៅគិតគូរពីសុខភាពប្រជាពលរដ្ឋ នៅទូទាំងប្រទេស ក្រុមគ្រូពេទ្យកងទ័ព នៃកងយោធពលខេមរភូមិន្ទ ត្រូវបានរៀបចំបន្តបេសកម្មរបស់ខ្លួន ដើម្បីរៀបចំដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ជាកម្មករកម្មការីនី និងយោជិតដែលធ្វើឡើងក្នុងខេត្តចំនួន៤។

ក្នុងនោះនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ បានអញ្ជើញចុះពិនិត្យតាមមណ្ឌលទីតាំង ចាក់វ៉ាក់សាំង ក្នុងក្រុងព្រះសីហនុ ដើម្បីជំរុញឱ្យដំណើរការប្រកបទៅដោយរលូន និងមានត្រឹមត្រូវតាមវិធានការសុខាភិបាល។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថា «ខេត្តទាំង០៤ មានប្រជាពលរដ្ឋត្រូវចាក់វ៉ាក់សាំងសរុបចំនួន ១,២៤៤,០០០នាក់ ដោយឡែកកងយោធពលខេមរភូមិន្ទ ទទួលភារកិច្ចចាក់វ៉ាក់សាំងចំនួន ៨១ម៉ឺននាក់។ យើងខិតខំចាក់វ៉ាក់សាំងពីថ្ងៃទី២២ ដល់ថ្ងៃ៣០ មិថុនា ឆ្នាំ ២០២១ ចាក់ឱ្យអស់ដូសទី១ គ្រប់ខេត្តទាំង០៤ ចំពោះវ៉ាក់សាំងយើងមានគ្រប់ចំនួនក្នុងដៃរួចហើយ សម្រាប់ដូសទី១ និងដូសទី២ ដើម្បីចាក់ជូនប្រជាពលរដ្ឋ ១០០ភាគរយ»។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានឱ្យដឹងថា ថ្ងៃនេះ កងយោធពលខេមរភូមិន្ទ បានសហការជាមួយរដ្ឋបាលខេត្ត និងមន្ត្រីសុខាភិបាលខេត្តទាំង០៤មានខេត្តព្រះសីហនុ កោះកុង កំពង់ស្ពឺ និងខេត្តតាកែវ បើកយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបន្តថា តាមរយៈបទពិសោធននៃដំណេីរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅអតីតតំបន់ក្រហមនៃរាជធានីភ្នំពេញ កងទ័ពមានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់សម្រាប់ដំណេីរការរៀបចំចាក់ដូសទី១ និងដូសទី២ និងយកចិត្តទុកដាក់រៀបចំឱ្យប្រជាពលរដ្ឋនីមួយៗបានទទួល ដោយមានរបៀបរៀបរយ និងការពារពីការឆ្លងរាលដាលដោយជំងឺកូវីដ១៩។

សូមជម្រាបជូនថា សម្រាប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅក្នុងខេត្តព្រះសីហនុ នៅថ្ងៃនេះ ប្រព្រឹត្តទៅក្នុងក្រុងចំនួន២ ស្រុកចំនួន៣ និងតំបន់សេដ្ឋកិច្ចពិសេសចំនួន២ ដែលស្មេីនឹងទីតាំងចាក់វ៉ាក់សាំងចំនួន១៩ទីតាំង ហេីយ១២ទីតាំងចាក់ដោយក្រុមគ្រូពេទ្យកងទ័ព និង៧ទីតាំងផ្សេងទៀតចាក់ដោយក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តព្រះសីហនុ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក្នុងនាមប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃគ្រប់ព្រះអង្គ សូមថ្លែងអំណរគុណសម្តេចតេជោ ដែលសម្តេចខិតខំរកវ៉ាក់សាំងដើម្បីចាក់ជូនប្រជាពលរដ្ឋរបស់យើង និងបានដាក់ចេញវិធានការចុះចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ។

ទន្ទឹមនោះលោកអភិបាលខេត្តព្រះសីហនុ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងពេលតែមួយយើងមិនអាចចាក់ជូនប្រជាពលរដ្ឋបានទាំងអស់គ្នានោះទេ ត្រូវតែមានអ្នកមុន និងអ្នកក្រោយបន្តបន្ទាប់តាមចំនួនក្រុមគ្រូពេទ្យចាក់វ៉ាក់សាំង ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋត្រូវចូលរួមតាមការណែនាំរបស់អាជ្ញាធរ ទើបការរៀបចំរបស់យើងអាចដំណើរការទៅបានដោយរលូន និងទទួលបានមអត្ថប្រយោជន៍ទាំងអស់គ្នា៕