(តាកែវ)៖ ក្រសួងការពារជាតិ បានសហការជាមួយអាជ្ញាធខេត្តតាកែវ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ បានចាប់ផ្ដើមបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ប្រភេទស៊ីណូវ៉ាក់ ចំនួន៤០ម៉ឺនដូស ជូនដល់មន្រ្តីរាជការ ព្រះសង្ឃ ប្រជាពលរដ្ឋ និងកម្មករ កម្មការនី នៅស្រុកសំរោង និងស្រុកបាទី។

លោក អ៊ូច ភា អភិបាលខេត្តតាកែវ ដែលបានអញ្ជើញចូលរួមបើកយុទ្ធនាការចាក់វ៉ាក់សាំង បានលើកឡើងថា យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩នេះ គឺមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការជួយដល់ បងប្អូនប្រជាពលរដ្ឋរបស់យើងឱ្យរួចផុត ពីការគម្រាមកំហែងនៃជំងឺឆ្លងកូវីដ១៩ ដែលនៅលើសកលលោកបាននឹងកំពុងមានការកម្រាមកំហែង និងស្លាប់ដោយសារតែមេរោគកូវីដនេះ ដូច្នេះ សូមប្រជាពលរដ្ឋទាំងអស់ចូលរួមចាក់វ៉ាក់សាំងការពារឱ្យបានគ្រប់ៗគ្នា។

លោកអភិបាលខេត្ត បានបន្តថា ការចាក់វ៉ាក់សាំង គឺជាការការពារពីការឆ្លងនៃជំងឺកូវីដ មិនមែនជាកន្លែងប្រភពចម្លងមេរោគកូវីដនោះទេ ដូច្នេះសូមប្រជាពលរដ្ឋដែលអញ្ជើញ មកទទួលការចាក់វ៉ាក់សាំង សូមគោរពទៅតាមគោលការរបស់ក្រសួងសុខាភិបាល ដោយរក្សា គម្លាតឱ្យបានត្រឹមត្រូវ មិនមែនមកប្រមូលផ្តុំគ្នាដែលជាហេតុនាំឱ្យមានការចម្លងជំងឺនោះទេ។

សូមបញ្ជាក់ផងដែរថា ចំពោះយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩នេះ គឺរៀបចំដោយក្រសួងការពារជាតិ ដែលនៅស្រុកសំរោងគឺរៀបចំចាក់វ៉ាក់សាំងដោយក្រុមគ្រូពេទ្យកងទ័ពជើងអាកាស និងនៅស្រុកបាទី ចាក់ដោយក្រុមគ្រូពេទ្យយោធភូមិភាគពិសេស និងមានការរួមសហការពូអាជ្ញាធរស្រុកពាក់ព័ន្ធ ហើយយុទ្ធនាការនេះដែរនៅមិនទាន់គិតពីពេលវេលានោះទេ គឺចាក់ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមាននៅក្នុងមូលដ្ឋានស្រុកនីមួយៗ៕