(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២១នេះ បានអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវបេតុង ២ខ្សែ ដែលមានប្រវែង ៤,៦០០ម៉ែត្រ ស្ថិតក្នុងឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម។

លោក អ៊ុន ចាន់ដា បានថ្លែងថា «ផ្លូវបេតុងចំនួនពីរខ្សែ ដែលមានប្រវែងជាង ៤,៦០០ម៉ែត្រ ដែលត្រូវសាងសង់ ក្នុងភូមិសាស្ត្រឃុំរាយប៉ាយ ស្រុកកងមាស នាពេលនេះ គឺជាសមិទ្ធផលដ៏ធំធេងជាប្រវត្តិសាស្រ្ត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជារបស់យើង ផ្ដល់ជូនជាកាដូប្រវត្តិសាស្រ្ត សម្រាប់ប្រជាពលរដ្ឋយើងទាំងអស់នៅទីនេះ ដែលបានទន្ទឹងរង់ចាំនូវសមិទ្ធផលនេះជាយូរឆ្នាំមកហើយ»

លោកអភិបាលខេត្ត បានបន្តថា សមិទ្ធផលខាងលើនេះដែរ គឺបានមកផ្ដើមចេញពីការយកចិត្តទុកដាក់របស់អាជ្ញាធរមូលដ្ឋាន រហូតដល់ថ្នាក់អាជ្ញាធរខេត្ត និងក្រុមការងារចុះជួយមូលដ្ឋានស្រុកកងមាស ដែលបានរៀបចំឯកសារធ្វើការស្នើសុំទៅសម្ដេចតេជោ នាយករដ្ឋមន្ត្រី ដើម្បីឆ្លើយតបទៅតាមសំណូមពរ របស់បងប្អូនប្រជាពលរដ្ឋយើង ទើបលេចចេញជារូបរាងដូចថ្ងៃនេះ។

ជាមួយគ្នានេះដែរ លោកអភិបាលខេត្តបានបញ្ជាក់ថា «មិនយូរប៉ុន្មានទេ ផ្លូវបេតុង ២ខ្សែនេះនឹងត្រូវសាងសង់រួចរាល់ប្រកបដោយគុណភាពខ្ពស់។ ប៉ុន្តែយ៉ាងណាក៏ដោយក្រោយពីទទួលបានសមិទ្ធផលទាំងនេះហើយ សូមឱ្យបងប្អូនប្រជាពលរដ្ឋត្រូវចេះថែទាំ និងប្រើប្រាស់ផ្លូវបេតុងទាំងនេះឱ្យមានប្រយោជន៍ នឹងត្រូវបើកបរគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ជៀសវាងការគ្រោះថ្នាក់ដោយយថាហេតុ»

លោក អ៊ុន ចាន់ដា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឱ្យបង្កើនការ ការពារខ្លួនជៀសឱ្យផុតពីការឆ្លងជំងឺកូវីដ១៩ ដោយត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល និងវិធានការ «៣ការពារ និង៣កុំ» ពិសេស ការលាងសម្អាតដៃជាប្រចាំ, ការអនុវត្តន៍កាតព្វកិច្ចពាក់ម៉ាស, កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល និងសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ក្នុងដំណាក់កាលនៃការឆ្លងរាលដាលជំងឺកូវីដ១៩នេះ៕