(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងមន្ត្រីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងដូចៗគ្នាថា វគ្គបំប៉នវិធីសាស្រ្តបង្រៀនពីសៀវភៅ បង្ការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ និងលំនាំនៃការបង្រៀន ពិតជាបានគាំទ្រដល់ដំណើរការបណ្តុះបណ្តាលបានធនធានមនុស្សថ្មី និងមានប្រសិទ្ធភាព

ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ នៃអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំង គ្រឿងញៀន និងក្រសួងអប់រំ យុវជន និងកីឡា ថ្លែងបែបនេះនៅក្នុងពិធីបិទបញ្ចប់វគ្គបំប៉នស្ដីពីការប្រើប្រាស់សម្ភារៈឧបទេសក្នុងការបង្រៀន «ការអប់រំ បង្ការ ការទប់ស្កាត់គ្រោះថ្នាក់បង្កដោយការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ និងលំនាំនៃការបង្រៀន» ជូនដល់មន្ត្រីបង្គោលនៃគណៈកម្មការសុខភាពសិក្សារាជធានី ខេត្ត ស្រុក និងគ្រូឧទ្ទេសនៅតាមគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូបង្រៀនគោលដៅ នៃខេត្តចំនួន១០ រាជធានី-ខេត្ត គឺរាជធានីភ្នំពេញ កំពង់ចាម បាត់ដំបង បន្ទាយមានជ័យ សៀមរាប តាកែវ កំពត ព្រៃវែង កំពង់ស្ពឺ ព្រះសីហនុ សម្រាប់កម្រិតមធ្យមសិក្សាបឋមភូមិ តាមប្រព័ន្ធអនឡាញ។

ពិធីបិទវគ្គបំប៉ននេះ ប្រព្រឹត្តទៅក្រោមអធិបតី លោកស្រី បណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងវត្តមានឧត្តមសេនីយ៍ ទោ លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធចំនួនជិត១០០នាក់ នាល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១។

លោក វេជ្ជបណ្ឌិត យុង សុគន្ធារិទ្ធ អនុប្រធាននាយកដ្ឋានសុខភាពសិក្សា បានរាយការណ៍ទៅកាន់អង្គពិធីថា សិក្ខាកាមនៃវគ្គបណ្ដុះបណ្ដាល បំប៉នពង្រឹងសមត្ថភាពមន្ត្រីបង្គោលសុខភាពសិក្សារាជធានី ខេត្ត និងគ្រូឧទ្ទេសនៅតាមគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ លើវិធីសាស្ត្របង្រៀននិងការប្រើប្រាស់សម្ភារៈឧបទេសក្នុងការបង្រៀនកម្រិតមធ្យមសិក្សាបឋមភូមិ នេះទទួលបានលទ្ធផលល្អ តា មរយ:ការធ្វើតេស្តចំណេះដឹងមុន និងក្រោយវគ្គបំប៉ន។

ថ្លែងក្នុងនាមថ្នាក់ដឹកនាំ នៃអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំង គ្រឿងញៀន និងក្រសួងអប់រំ យុវជន និងកីឡា ទាំងលោកស្រីបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការ និងឧត្តមសេនីយ៍ទោ លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា សុទ្ធតែបានថ្លែងដោយសោមនស្សន៍ និងសាទរពីលទ្ធផលនៃវគ្គបំប៉នវិធីសាស្រ្តបង្រៀនពីសៀវភៅ បង្ការ ទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀនថា បណ្តុះបណ្តាលបានធនធានមនុស្ស និងមានប្រសិទ្ធភាពក្នុងផ្ទេរចំណេះដឹង និងព័ត៌មានពិតដល់សិស្សពីគ្រោះថ្នាក់នៃគ្រឿងញៀន និងវិធានបង្ការទប់ស្កាត់ដែលអាចថែរក្សាបានយុវជនដែលជាទំពាំងស្នងប្ញស្សី ជាធនធានបន្តវេនរបស់ប្រទេសជាតិឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍជាតិបានល្អប្រកបដោយគុណភាព និងសក្តានុពល។

សូមរំលឹកផងដែរថា វគ្គបំប៉នស្ដីពីការប្រើប្រាស់សម្ភារៈឧបទេសក្នុងការបង្រៀន ការអប់រំ បង្ការ ការទប់ស្កាត់គ្រោះថ្នាក់បង្កដោយការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ និងលំនាំនៃការបង្រៀន សម្រាប់មធ្យមសិក្សាបឋមភូមិនេះប្រព្រឹត្តទៅរយ:ពេល៣ថ្ងៃ គឺថ្ងៃទី១៤ ដល់ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២១ តាមប្រព័ន្ធអនឡាញ៕