(បារាំង)៖ ខ្សែបម្រើក្រុមជម្រើសជាតិបារាំង កីឡាករ Paul Pogba បានដកដបស្រាបៀរ Heineken មួយដប ដែលបានដាក់នៅពីមុខរូបលោក នៅឯសន្និសីទសារព័ត៌មាន នៃព្រឹត្តិការណ៍ Euro 2020 នាថ្ងៃអង្គារ, មួយថ្ងៃបន្ទាប់ពីកីឡាករ ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ Cristiano Ronaldo បានដកដបភេសជ្ជៈ Coca-Cola ចេញ នៅក្នុងសន្និសីទមួយដែរនោះ, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ។

Pogba, ដែលជាអ្នកកាន់សាសនាម៉ូស្លីមនោះ, បានដកដបស្រាបៀរ នៅពេលដែលលោកបានអង្គុយចុះ ដើម្បីនិយាយប្រាប់ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ បន្ទាប់ពីលោកត្រូវបានតែងតាំង ជាកីឡាករឆ្នើមសម្រាប់ការប្រកួត «Man of the Match» នៅក្នុងការប្រកួតពូល F ដែលជម្រើសជាតិបារាំងបានឈ្នះ១-០ លើក្រុមជម្រើសជាតិអាល្លឺម៉ង់។

សារព័ត៌មាន Reuters មិនអាចសុំការបកស្រាយបានទេ ពីក្រុមហ៊ុន Heineken, ដែលជាម្ចាស់ឧបត្ថម្ភមួយ ក្នុងចំណោមម្ចាស់ឧបត្ថម្ភផ្លូវការ របស់ព្រឹត្តិការណ៍ Euro 2020។

គួររំលឹកថា កាលពីថ្ងៃចន្ទ, កីឡាករ Ronaldo បានដកដបភេសជ្ជៈ Coca-Cola ចំនួន២ដប ចេញពីសន្និសីទសារព័ត៌មានមួយ ហើយបានកាន់ទឹកមួយដប ជាមួយនឹងការស្រែកថា «Agua» បកប្រែថា «ទឹក» ជាភាសាព័រទុយហ្គាល់៕