(មណ្ឌលគិរី)៖ រដ្ឋបាលខេត្តមណ្ឌលគិរី ចេញសេចក្តីណែនាំបន្ទាន់ ស្ដីពីការចូលរួមសហការក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី។ នេះបើតាមសេចក្តីណែនាំរបស់រដ្ឋបាលខេត្ត ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ។

ជាមួយគ្នានេះដែរ រដ្ឋបាលខេត្ត បានណែនាំដល់ប្រជាពលរដ្ឋ អាជីវករ និងអ្នកលក់ដូរ ទាំងអស់ក្នុងខេត្តមណ្ឌលគិរី ដូចខាងក្រោម៖

*ទី១៖ គ្រប់អាជីវកម្មផ្ទះសំណាក់ សណ្ឋាគារ ប៊ូទិក និងរីសតន៍ ដែលមានច្បាប់អនុញ្ញាត ត្រូវបំពាក់ឧបករណ៍ វាស់កំដៅ បាញ់អាល់កុល ឬដែលលាងសម្អាតដៃ នៅតាមទីតាំងងាយមើលឃើញសម្រាប់ឱ្យភ្ញៀវប្រើប្រាស់ និងត្រូវអនុវត្តនូវវិធានការពាររបស់រាជរដ្ឋាភិបាល «៣ការពារ ៣កុំ និង២ចូលរួម» និងវិធានរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្លួន និងជាប្រចាំ។
*ទី២៖ គ្រប់ភោជនីយដ្ឋាន អាហារដ្ឋាន និងតូបលក់ដូរ អនុញ្ញាតឱ្យបើកដំណើរការជាធម្មតា ប៉ុន្តែត្រូវធ្វើការវេចខ្ចប់ ដោយមិនអនុញ្ញាតឱ្យមានភ្ញៀវចូលទទួលទាននៅក្នុងភោជនីយដ្ឋាន និងអាហារដ្ឋាន ដែលមានលក្ខណៈប្រមូលផ្តុំមនុស្សច្រើន ត្រូវធានានូវគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល។
*ទី៣៖ ផ្អាកជាបណ្តោះអាសន្ននូវសកម្មភាពកីឡាផ្សេងៗ ដូចជាក្លឹបហាត់ប្រាណ និងទីតាំងកីឡាផ្សេងទៀត។
*ទី៤៖ ហាមឃាត់ ចំពោះការជួបជុំប្រមូលផ្ដុំ ដែលមានមនុស្សចាប់ពីប្រាំនាក់ឡើងទៅ។
*ទី៥៖ គ្រប់វត្តអារាម វិហារ សូរ៉ាវឥស្លាមសាសនា និងវិហារគ្រឹស្តសាសនា ហាមឃាត់មិនអនុញ្ញាតឱ្យមានការជួបជុំ ប្រមូលផ្តុំមនុស្សលើសពីចំនួន ០៥នាក់ឡើយ។
និងទី៦៖ ចំពោះរថយន្តដឹកទំនិញ ត្រូវបានអនុញ្ញាតឱ្យដំណើរការធម្មតា ដោយកំណត់អ្នករួមដំណើរត្រឹមតែចំនួន ០១នាក់ ប៉ុណ្ណោះ (អ្នកបើកបរ និងជំនួយការបើកបរ) និងគ្រប់ទំនិញ ត្រឹមត្រូវស្របច្បាប់៕