(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ឃុន សូណា បានចេញដីការបង្គាប់ឲ្យសមត្ថកិច្ចនាំខ្លួនជនត្រូវចោទឈ្មោះ ស៊ាន ហួរ អាយុ៥៩ឆ្នាំ យកទៅពន្ធនាគារព្រៃស ដើម្បីរងចាំការជំនុំជម្រះទោសទណ្ឌនៅពេលក្រោយ។ ការសម្រេចបង្គាប់ឲ្យឃុំខ្លួនបុរសជាប់ចោទរូបនេះ គឺធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ បន្ទាប់ពីតំណាងអយ្យការបានចោទប្រកាន់ពីបទ «ឃាតកម្មដោយអំពើរទារុណកម្ម»។

សូមរំលឹកថា កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចជំនាញបានចាប់ខ្លួនជនសង្ស័យរូបនេះ នៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង ទីដែលរូបគេកំពុងរត់គេចខ្លួន ក្រោយធ្វើសកម្មភាពកាប់សម្លាប់ប្រពន្ធ។

ការចាប់ខ្លួននេះ ធ្វើឡើងដោយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ សហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។

ជនសង្ស័យឈ្មោះ ស៊ាន ហួរ អាយុ៥៩ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៥៤បេ ផ្លូវ៥៩៨ ក្រុម១ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ គ្មានសារធាតុញៀន បានធ្វើសកម្មភាពវាយកាប់សម្លាប់ ជនរងគ្រោះឈ្មោះ គង់ វុទ្ធី អាយុ៥៤ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៥៤បេ ផ្លូវ៥៩៨ ក្រុម១ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

សូមជម្រាបថា ឃាតកម្មនេះ គឺជាករណីដែលអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ម្នាក់បានបង្ហោះថា រូបគាត់បាត់ឪពុកម្ដាយ ជាមួយរថយន្ដមួយគ្រឿងម៉ាក Lexus RX330 ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2AS-1701 ដើម្បីឲ្យមហាជនជួយស្វែងរក។ តែការពិតការបាត់ខ្លួននេះ គឺជារឿងឃាតកម្មឪពុក សម្លាប់ម្ដាយរបស់ខ្លួនទៅវិញ៕