(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងឧត្តមសេនីយ៍ឯក ភោគ ចន្ថា មេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស បានអញ្ចើញទស្សនកិច្ច សួនឧទ្យានឧស្សាហកម្មបច្ចេកវិទ្យារបស់ JIN SHA KONG GU CO., LTD នៅស្រុកជ្រៃធំ ខេត្តកណ្តាល។

ការចុះទស្សនកិច្ចនេះបានធ្វើឡើងកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១។

នាយឧត្តមសេនីយ៍ កែវ វណ្ណថន បានបញ្ជាក់ថា កាលពីឆ្នាំមុនការផ្ទុះឡើងនៃជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជា ស្ថិតក្នុងអំឡុងពេលមានវិបត្តិសេដ្ឋកិច្ច ក្រុមហ៊ុន JIN SHA KONG GU CO., LTD បានធ្វើសកម្មភាពយ៉ាងសកម្ម ដើម្បីជួយដល់ប្រជាជនក្រីក្រ ព្រមទាំងបុគ្គលិកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

នាយឧត្តមសេនីយ៍បានបញ្ជាក់ទៀតថា ការបង្កើនការវិនិយោគ ត្រូវបានជំរុញទៅដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងវិស័យការងារ ហើយបានបង្កើតឲ្យមានគំរូថ្មី នៅក្នុងការអភិវឌ្ឍមូលដ្ឋានផងដែរ។

លោកថ្លែងអំណរគុណចំពោះ ក្រុមហ៊ុន JIN SHA KONG GU CO., LTD ដែលបានរួមចំណែកយ៉ាងសកម្ម ដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។

នាយឧត្តមសេនីយ៍បន្តថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រាជរដ្ឋាភិបាលបានខិតខំទាក់ទាញយ៉ាងខ្លាំង នូវការវិនិយោគបរទេសមកកាន់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា បង្កើនអត្រាការងារសង្គម និងដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ នៅពេលអនាគតរាជរដ្ឋាភិបាល នឹងផ្តល់ការគាំទ្រយ៉ាងខ្លាំង ដល់គម្រោងផ្សេងៗដែលវិនិយោគសាងសង់ ដោយក្រុមហ៊ុនបរទេសនៅកម្ពុជាផងដែរ។

នាយឧត្តមសេនីយ៍បានបន្ថែមថា ចំពោះបេសកកម្មរបស់សមាគមសហពាណិជ្ជកម្ពុជា-ចិន ក្នុងការជំរុញកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ដឹកនាំគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ គឺក្នុងគោលបំណង រំលែកទុក្ខលំបាករបស់ជាតិបំពេញបំណងអ្នកដទៃ ដើម្បីឧស្សាហកម្មបម្រើជាតិកម្ពុជា-ចិន និងគំនិតអភិវឌ្ឍឆ្ពោះទៅមុខ ហើយនឹងទទួលស្គាល់នូវសារៈសំខាន់ នៃវត្តមានរបស់សមាគមសហពាណិជ្ជកម្ពុជា-ចិន ក្នុងប្រទេសកម្ពុជា ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្មកម្ពុជា-ចិន ក្នុងការអភិវឌ្ឍការវិនិយោគ។

លោក លីវ យ៉ាង ប្រធានក្រុមហ៊ុន JIN SHA KONG GU CO., LTD និងជាប្រធានសមាគមសហពាណិជ្ជកម្ពុជា-ចិន បានថ្លែងថា ក្រុមហ៊ុន JIN SHA KONG GU CO., LTD បានបង្កើតឡើងនៅខែឧសភា ឆ្នាំ២០២០ ហើយសួនឧស្សាហកម្មនេះ គឺជាគម្រោងដំបូងបង្អស់របស់ក្រុមហ៊ុននៅកម្ពុជា។

លោក លីវ យ៉ាង បានបញ្ជាក់ថា JIN SHA KONG GU CO., LTD គឺជាស្ថាប័នគ្រប់គ្រងការវិនិយោគទ្រព្យសម្បត្តិឌីជីថលអន្តរជាតិខ្នាតធំ ដែលមានទីស្នាក់ការកណ្តាលនៅភ្នំពេញ។ ក្រុមហ៊ុន បានអនុវត្តយ៉ាងខ្ជាប់ខ្ជួន នូវយុទ្ធសាស្ត្រអភិវឌ្ឍជាតិ និងវិនិយោគយ៉ាងសកម្ម ក្នុងការអភិវឌ្ឍគម្រោងជាច្រើន ក្នុងវិស័យសេដ្ឋកិច្ចផ្សេងៗ ក្នុងរយៈពេល ៣ឆ្នាំខាងមុខ ហើយការវិនិយោគនឹងផ្តោតទៅលើវិស័យវេជ្ជសាស្រ្ត បច្ចេកវិទ្យាខ្ពស់ ទេសចរណ៍វប្បធម៌ វិស័យអប់រំ
ហេដ្ឋារចនាសម្ព័ន្ធ ការការពារបរិស្ថាន វិស័យហិរញ្ញវត្ថុ អាជីវកម្មឆ្នៃប្រឌិតថ្មី និងវិស័យផ្សេងទៀត ដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់ ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

លោកបានបន្ថែមទៀតថា ក្រុមហ៊ុន JIN SHA KONG GU CO., LTD គឺជាសហគ្រាសដែលទើបនឹងបង្កើត ហើយពិតជាមិនអាចខ្វះបាន ចំពោះការគាំទ្រដ៏ខ្លាំងពីរាជរដ្ឋាភិបាល ក្នុងការជំរុញ និងអភិវឌ្ឍលើវិស័យជាច្រើន នៅក្នុងប្រទេសកម្ពុជា។

ឧត្តមសេនីយ៍ឯក ភោគ ចន្ថា បានឲ្យដឹងផងដែរថា ប្រទេសកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ ចំពោះតួនាទីដ៏សំខាន់ នៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់សហគ្រាសបរទេស និងនៅពេលអនាគតប្រសិនបើការអភិវឌ្ឍជួបប្រទះ នូវការលំបាកក្នុងដំណើរការ រាជរដ្ឋាភិបាលនឹងចូលរួមចំណែក ដើម្បីដោះស្រាយបញ្ហាដល់សហគ្រាសបរទេស៕