(សៀបរាប)៖ អាជ្ញាធរជាតិអប្សរា និងក្រុមហ៊ុន Total Cambodge បានចុះកិច្ចព្រមព្រៀងដាំកូនឈើបន្ថែម ក្នុងរមណីយដ្ឋានអង្គរ ដែលពិធីនេះធ្វើឡើង ក្រោមអធិបតីភាព លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

ពិធីចុះកិច្ចព្រមព្រៀងនេះ បានធ្វើឡើងនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ រវាងលោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងលោក Asif IQBAL នាយកគ្រប់គ្រងទូទៅ ក្រុមហ៊ុន Total Cambodge ប្រចាំប្រទេសកម្ពុជា និងមានការចូលរួមពីលោក លោកស្រី និងថ្នាក់ដឹកនាំនៃស្ថាប័នទាំងពីរផងដែរ។

លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា បានសម្តែងអំណរគុណ និងកោតសរសើរពីការចូលរួមចំណែករបស់ក្រុមហ៊ុន Total Cambodge ប្រចាំប្រទេសកម្ពុជា ដែលបានចូលរួមចំណែកទៅលើសកម្មភាព ជាច្រើនក្នុងប្រទេសកម្ពុជានាពេលកន្លងមក ក៏ដូចជាបច្ចុប្បន្ន។

លោកស្រីបណ្ឌិតសភាចារ្យ បានបន្ថែមថា ការចុះកិច្ចព្រមព្រៀងក្នុងការដាំដើមឈើនៅក្នុងរមណីយដ្ឋានអង្គរនាពេលនេះ គឺជាការឆ្លុះបញ្ចាំងពីការទទួលខុសត្រូវ និងការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកស្ទួយទេសភាពបរិស្ថានធម្មជាតិ និងប្រាសាទ ក៏ដូចជាកាត់បន្ថយឧស្ម័នពុល នៅក្នុងរមណីយដ្ឋានអង្គរ ដែលជាបេតិកភណ្ឌពិភពលោកដ៏ល្បីល្បាញ៕