(ភ្នំពេញ)៖ លោក Luke Arnold អគ្គរាជទូតស្តីទី អូស្រ្តាលីប្រចាំកម្ពុជា បានបង្ហាញសុឆន្ទៈ និងការប្តេជ្ញាបន្តជួយដល់កម្ពុជា ជាពិសេសដំណើការនៃការរៀបចំសេចក្តីព្រាងច្បាប់បង្កើតស្ថាប័នសិទ្ធិមនុស្សជាតិនេះ។ នេះបើតាម លោក ជិន ម៉ាលីន អនុប្រធាន និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News។

ការបញ្ជាក់ពីជំហររបស់អូស្ត្រាលីបែបនេះ បានធ្វើឡើងក្នុងជំនួបជាមួយ លោក កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ។

លោក ជិន ម៉ាលីន បានឱ្យដឹងថា វឌ្ឍនភាពនៃការរៀបចំសេចក្តីព្រាងច្បាប់បង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ ដែលទទួលបានការឯកភាពពីសម្តេចតេជោ នាពេលកន្លងមក ឱ្យខាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាជាអ្នករៀបចំ ហើយខាងអូស្រ្តាលី ក៏បានចូលរួមសហការផងដែរ ក្នុងការផ្តល់ជាធាតុចូល តាមរយៈអង្គការវេទិកាអាស៊ីប៉ាស៊ីហ្វិក ដែលមានមូលដ្ឋាននៅអូស្ត្រាលី។ ពេលនេះក្រុមការងារ បានបញ្ចប់រួចហើយនូវសេចក្តីព្រាងដំបូង និងកំពុងរៀបចំនូវកិច្ចពិគ្រោះយោបល់ជាមួយគ្រប់ភាគីពាក់ព័ន្ធជាបន្តបន្ទាប់ទៀតក្នុងពេលឆាប់ៗ ខាងមុខនេះ។

ជាមួយគ្នានេះដែរ មន្ត្រីជាន់ខ្ពស់ផ្នែកសិទ្ធិមនុស្សកម្ពុជា បានគូសបញ្ជាក់ថា ពាក់ព័ន្ធនឹងស្ថានភាពសិទ្ធិមនុស្សជាទូទៅ ខាងអូស្រ្តាលី បានកត់សម្គាល់ពីចំណុចវិជ្ជមានមួយចំនួន ពាក់ព័ន្ធសេរីភាពសាសនា និងសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ពីការដឹកនាំរបស់សម្តេចតេជោ ជាពិសេសក្នុងការឆ្លើយតបនឹងការឆ្លងរាលដាលកូវីដ១៩ តាមរយៈការដាក់ចេញជាវិធានការនានា ដូចជាការផ្តល់លំហូរសាច់ប្រាក់ និងជំនួយសង្រ្គោះបន្ទាន់ដល់គ្រួសារដែលរងផលប៉ះពាល់ពីកូវីដ១៩ នាពេលកន្លងមកជាដើម។ល។ ទន្ទឹមនឹងនេះ ខាងអូស្រ្តាលីក៏បានបង្ហាញនូវការបារម្ភមួយចំនួនផងដែរ អំពីស្ថានការណ៍នយោបាយបច្ចុប្បន្ន និងសិទ្ធិសេរីភាពផ្នែកនយោបាយនៅកម្ពុជា។

ឆ្លើយតបនឹងការបារម្ភនេះ លោក កែវ រ៉េមី ក៏បានធ្វើការបកស្រាយ និងបំភ្លឺវិញផងដែរ ដោយផ្អែកលើទិដ្ឋភាពនយោបាយ ច្បាប់ សិទ្ធិមនុស្ស ប្រវត្តិសាស្រ្ត និងបរិបទសង្គមកម្ពុជា។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ជិន ម៉ាលីន៕