(តាកែវ)៖ អាជ្ញាធរខេត្តតាកែវ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មាន ករណីស្លាប់ស្ត្រីជនជាតិខ្មែរម្នាក់ អាយុ៥៣ឆ្នាំ ដោយសារជំងឺកូវីដ១៩។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

រដ្ឋបាលខេត្តតាកែវ បានឱ្យដឹងថា មានករណីស្លាប់ស្រ្ដីជនជាតិខ្មែរម្នាក់ ឈ្មោះ អ៊ូច ខែម អាយុ ៥៣ឆ្នាំ មានអាសយដ្ឋានរស់នៅភូមិត្រពាំងរកា ឃុំអង្គខ្នុរ ស្រុកទ្រាំង ខេត្តតាកែវ ដោយសារវីរុសកូវីដ១៩ នៅក្នុងមន្ទីរពេទ្យបង្អែកស្រុកគិរីវង់ កាលពីរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១។

រដ្ឋបាលខេត្តបានបញ្ជាក់ថា «អ្នកជំងឺខាងលើបានចូលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកគិរីវង់ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង០៩៖៣០នាទីព្រឹក ក្នុងស្ថានភាពហត់ដង្ហក់ សម្ពាធឈាមយកមិនបាន ជីបចរខ្សោយ រួមទាំងបាត់បង់ស្មារតី ។ ដោយស្ថានភាពអ្នកជំងឺមានការវិវត្តន៍កាន់តែធ្ងន់ធ្ងរឡើងៗ តម្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេសបន្ទាន់ និងគ្រប់មធ្យោបាយ ក៏នៅតែមិនអាចសង្គ្រោះបាន គាត់ក៏ស្លាប់បាត់បង់ជីវិត នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៥៖៣០នាទីរសៀល»

«ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្ត្រីជនជាតិខ្មែរអាយុ ៥៣ឆ្នាំ ខាងលើនេះបានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសង្ខាង ដោយសារវីរុសកូវីដ១៩»។ រដ្ឋបាលខេត្ត សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសព៕