(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ លោក អ៊ុន ចាន់ដា នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០២១នេះ បានដឹកនាំក្រុមការងារចុះពិនិត្យតំបន់បិទខ្ទប់មួយចំនួន ក្នុងស្រុកស្រីសន្ធរ និងបានប្រជុំចេញវិធានការបន្ថែមដល់អាជ្ញាធរស្រុក ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩ កាន់តែច្រើនឡើង។

លោកអភិបាលខេត្ត បានថ្លែងថា ជំងឺកូវីដ១៩ សម្រាប់រលកចាស់ក្នុងស្រុកស្រីសន្ធរ ត្រូវបានទប់ស្កាត់ធំៗមួយរយៈ។ ប៉ុន្តែមកដល់ពេលនេះរលកថ្មីបានកើតឡើង ដោយសារការឆ្លងអ្នកមកពីភ្នំពេញ ដែលការឆ្លងចាប់ផ្ដើមពីក្រុមគ្រួសារ របស់គាត់ រហូតឈានទៅដល់អ្នកក្នុងភូមិនានា និងទីផ្សារតែម្ដង ហើយការឆ្លងចូលទីផ្សារ វាជាហេតុនាំឱ្យមេរោគនេះឆ្លងចូលដល់សហគមន៍ បានយ៉ាងឆាប់រហ័សផងដែរ។

លោកអភិបាលខេត្តបានបញ្ជាក់ថា ការឆ្លងរលកថ្មីនេះ គឺស្ថិតនៅក្នុងកម្រិតមធ្យម ដែលឆ្លងក្នុងកញ្ចប់គ្រួសារ ពោលគឺមិនទាន់នៅក្នុងសហគមន៍នៅឡើយទេ មានត្រឹមតែ ៤៥ខ្នងផ្ទះ លើ១១ភូមិប៉ុណ្ណោះ មិនទាន់ដល់ដំណាក់កាលបិទភូមិទាំងស្រុងនោះទេ។

ទន្ទឹមនឹងនោះលោក អ៊ុន ចាន់ដា បានចេញវិធានការបន្ថែម ដើម្បីការពារការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដោយអាជ្ញាធរស្រុក ត្រូវពិនិត្យមើលបន្ថែមទៅលើអ្នកដែលពាក់ព័ន្ធផ្សេងទៀតក្រៅពី ៤៥ខ្នងផ្ទះនេះ ដោយយក៤៥ផ្ទះ ជាមូលដ្ឋានក្នុងការស្រាវជ្រាវបន្តថាតើផ្ទះណាខ្លះដែលជាប់ពាក់ព័ន្ធជាមួយពួកគាត់ បើទោះបីជាប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោល គឺចាំបាច់ឱ្យពួកគាត់ ធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ នៅតាមខ្នងផ្ទះ និងប្រើខ្សែសុវត្ថិភាព គាត់ផ្ទះពួកគាត់ឱ្យបានត្រឹមត្រូវផងដែរ។ ចំពោះផ្សារ ដែលបានបិទខ្ទប់ គឺហាមមានការលក់ដូរជាដាច់ខាត ដោយមិនអនុញ្ញាតឱ្យមានការលក់ដូរឡើយ បើមានអ្នករឹងរូស ត្រូវអនុវត្តទៅតាមផ្លូវច្បាប់។

លោកអភិបាលខេត្ត បានបន្ថែមថា ទាក់ទងទៅនឹងអ្នកធ្វើចត្តាឡីស័ក គឺមានពីរផ្នែកទី១ ការធ្វើចត្តាឡីស័កនៅតាមផ្ទះ ត្រូវឱ្យពួកគាត់ពាក់ម៉ាស និងលាងដៃនឹងអាល់កុលឱ្យបានត្រឹមត្រូវ និងត្រួតពិនិត្យតាមដានសុខភាពជាប្រចាំ មិនត្រូវអនុញ្ញាតឱ្យពួកគាត់ចេញពីផ្ទះនោះទេ។ ចំពោះការធ្វើចត្តាលីស័កតាមមណ្ឌល អាជ្ញាធរស្រុកត្រូវពិនិត្យលទ្ធភាព ដើម្បីពង្រីកមណ្ឌលចត្តាឡីស័ក បន្ថែមទៀត ដើម្បីបម្រុងទុកក្នុងករណី មានការឆ្លងកើនឡើង ហើយអ្នកពាក់ព័ន្ធ ដែលតម្រូវឱ្យធ្វើចត្តាឡីស័ក នឹងត្រូវផ្គត់ផ្គង់ម៉ាស និងអាល់កុល ជូនពួកគាត់ប្រើប្រាស់ឱ្យបានគ្រប់គ្រាន់។

ជាងនេះទៅទៀត អាជ្ញាធរស្រុក ត្រូវចេះល្បាតមើលតាមខ្នងផ្ទះ តាមទីផ្សារដែលបានបិទខ្ទប់ ពោលគឺរៀបចំឲ្យមានយន្តការ ការល្បាត ទាំងពេលថ្ងៃនិងពេលយប់ តាមរយៈនគរបាលប៉ុស្តិ៍រដ្ឋបាល ឬប្រជាការពារ ត្រូវធ្វើការចាក់ផ្សាយសារអប់រំ អំពីវិធានការ ៣កុំ ៣ការពារ ឱ្យបានទូលំទូលាយជាប្រចាំ នឹងធ្វើយុទ្ធនាការចែកម៉ាសជូនប្រជាពលរដ្ឋតាមភូមិ ឲ្យបានគ្រប់គ្នា ឲ្យពួកគាត់ពាក់ម៉ាសជាប្រចាំ ។

លោកអភិបាលខេត្តបានបញ្ជាក់ថា អាជ្ញាធរស្រុក ត្រូវស្រង់ឈ្មោះប្រជាពលរដ្ឋ នៅក្នុងតំបន់បិទខ្ទប់ទាំងអស់ រាយការណ៍ជូនក្រុមការងារចុះជួយស្រុក និងក្រុមការងារចុះជួយឃុំ ដើម្បីរៀបចំអំណោយជូនពួកគាត់ តាមខ្នងផ្ទះតែម្ដង៕