(ព្រះវិហារ)៖ បច្ចុប្បន្នភាពលទ្ធផលនៃការធ្វើជំរឿនសត្វត្មាតទូទាំងប្រទេស កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ អ្នកជំនាញបានកត់ត្រាវត្តមានសត្វត្មាត ចំនួន ៨២ក្បាល ក្នុងនោះមានត្មាតភ្លើង ១៣ក្បាល ត្មាតផេះ ៤២ក្បាល និងត្មាតត្នោត ២៧ក្បាល។ នេះជាការថ្លែងឱ្យដឹងរបស់ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យ នៃក្រសួងបរិស្ថាន នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១នេះ ក្រោយពេលបើកការ ជំរឿនសត្វត្មាត កាលពីថ្ងៃទី១០ ខែមិថុនាកន្លងទៅ។

ជំរឿនសត្វត្មាតប្រចាំឆ្នាំ២០២១ នៅកម្ពុជាសហការរៀបចំដោយក្រសួងបរិស្ថាន និងអង្គការដៃគូក្នុងកិច្ចការអភិរក្សធនធានធម្មជាតិត្រូវបានបើកធ្វើឡើងនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១នេះ នៅលើទីតាំងចំនួន ៤កន្លែង នៅក្នុងតំបន់ការពារធម្មជាតិក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ដែលជឿជាក់ថាមានវត្តមានសត្វត្មាតរស់នៅ។ នេះជាការអង្កេតតាមដានជីវៈចម្រុះនៅក្នុងតំបន់ការពារធម្មជាតិ នៅកម្ពុជាដើម្បីដឹងថាតើនៅក្នុងតំបន់ការពារធម្មជាតិមានវត្តមានសត្វព្រៃ ជីវៈចម្រុះអ្វីខ្លះដើម្បី ងាយស្រួលក្នុងការរៀបចំផែនការការពារ និងអភិរក្សឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅថែរក្សាឱ្យបាននូវជីវៈចម្រុះដែលកម្ពុជាមាន។

តាមការបញ្ជាក់របស់លោក នេត្រ ភក្ត្រា វត្តមានសត្វត្មាតដែលបានកត់ត្រានៅទីតាំងជំរឿនទាំង ៤កន្លែងនោះ រួមមានទី១៖ មានសត្វត្មាតចំនួន ២៣ក្បាល ត្រូវបានកត់ត្រានៅអាហារដ្ឋានត្មាតខេត្តព្រះវិហារ, ទី២៖ មិនមានវត្តមានសត្វត្មាតនៅអាហារដ្ឋានខេត្តមណ្ឌលគិរី, ទី៣៖ មានសត្វត្មាតចំនួន ៥២ក្បាល ត្រូវបានកត់ត្រានៅអាហារដ្ឋានត្មាតខេត្តស្ទឹងត្រែង និង៤៖ មានសត្វត្មាតចំនួន ៧ក្បាល ត្រូវបានកត់ត្រានៅ អាហារដ្ឋានត្មាតខេត្តក្រចេះ។

អ្នកនាំពាក្យរូបនេះ បានថ្លែងថា «ដើម្បីសន្និដ្ឋានថាចំនួនប្រជាសាស្ត្រនៃសត្វត្មាតដែលជាប្រភេទសត្វកម្រជិតផុតពូជលើពិភពលោកមានការថយចុះ ឬកើនឡើង ក្រុមការងារបច្ចេកទេសក្រសួងបរិស្ថាន និងអង្គការដៃគូនឹងបន្តធ្វើជំរឿនទូទាំងប្រទេសចំនួន ៥ ដងទៀតគឺគ្រោងនឹងធ្វើនៅថ្ងៃទី២០ ខែមិថុនា ថ្ងៃទី១០ ខែកញ្ញា ថ្ងៃទី២០ ខែកញ្ញា ថ្ងៃទី១០ ខែធ្នូ និងថ្ងៃទី២០ ខែធ្នូ២០២១»។

លោក នេត្រ ភក្ត្រា បានបន្តថា ជំរឿនសត្វត្មាតនៅប្រទេសកម្ពុជាធ្វើឡើងដោយការប្រមូលទិន្ន័ន័យពី៤ទីតាំងផ្សេងគ្នានៅក្នុងភូមិ ភាគឦសាន នៃប្រទេសកម្ពុជា ហើយត្រូវបានអនុវត្ត និងចូលរួមដោយក្រុមការងារសត្វត្មាតកម្ពុជា (CVWG ) ដោយសហការជាមួយក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, អង្គការជី វិតសត្វស្លាបអន្តរជាតិ (Birdlife International) អង្គការ WWF មជ្ឈមណ្ឌលអង្គរ ដើម្បីអភិរក្សជីវៈចម្រុះ (ACCB) និងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) នៅក្នុងខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ។ តាមលទ្ធផលជំរឿនសត្វត្មាតទូទាំងប្រទេសកម្ពុជា ក្នុងឆ្នាំ២០២០ ចំនួនសត្វត្មាតច្រើនបំផុតមានត្រឹម ១២៩ក្បាលប៉ុណ្ណោះ ក្នុងប្រទេសកម្ពុជា។ ពួកវារស់នៅជាហ្វូងហើយស៊ីសាកសពជាអាហារ។

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ បានគូសបញ្ជាក់ថា នៅក្នុងខេត្តព្រះវិហារ ក្រសួងបរិស្ថាន បានសហការជាមួយអង្គការ WCS បានអនុវត្តសកម្មភាពអភិរក្សនៅតាមតំបន់ការពារធម្មជាតិតាមរយៈការផ្តល់ចំណីបន្ថែមមួយខែ ២ ដងដល់សត្វត្មាត និងការពារសំបុកពងកូន អភិវឌ្ឍន៍នូវការយល់ដឹងស៊ីជម្រៅនៃកត្តាប្រឈមដល់សត្វត្មាត នៅក្នុងខេត្តព្រះវិហារ។

ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២១ មានការរៀបចំការផ្តល់ចំណីបន្ថែម តាមរយៈការធ្វើ «អាហារដ្ឋានត្មាត» ចំនួន១០ដង ដើម្បីតាមដានចំនួនសត្វត្មាត។ សត្វត្មាតមានវត្តមាននៅកម្ពុជាមានតែបីប្រភេទគឺទី១៖ ត្មាតភ្លើង, ទី២៖ ត្មាតត្នោត និង៣៖ ត្មាតផេះ។ សត្វត្មាតជាប្រភេទជិតផុតពូជបំផុតពីផែនដី មានវត្តមាននៅខេត្តព្រះវិហារ ស្ទឹងត្រែង មណ្ឌលគិរី និងក្រចេះ នៃប្រទេសកម្ពុជា។

សត្វត្មាតជាប្រភេទសត្វកម្រ និងកំពុងស្ថិតក្នុងហានិភ័យខ្ពស់ក្នុងការបាត់ពូជនៅលើសកលលោក ខណៈចំនួនសត្វត្មាតនៅតែបន្តមានការធ្លាក់ចុះជារៀងរាល់ឆ្នាំ និងក្នុងកម្រិតមួយគួរព្រួយបារម្ភ ទោះបីជារាជរដ្ឋាភិបាល តាមរយៈក្រសួងបរិស្ថានដោយ សហការជាមួយអង្គការដៃគូនានាខិតខំប្រឹងប្រែងការពារ និងអភិរក្សក៏ដោយ។

ទន្ទឹមនឹងនេះដែរ លោក នេត្រ ភក្ត្រា បានឱ្យដឹងថា មូលហេតុដែលនាំឱ្យសត្វត្មាតនៅក្នុ ងប្រទេសកម្ពុជាមានការធ្លាក់ចុះខ្លាំងដោយសារការគំរាមកំហែងខ្លាំងបំផុតពីការបំពុលរបស់មនុស្ស ការបាត់បង់ជម្រក ការខ្វះខាតចំណីអាហារ ការបរបាញ់តាមរយៈការដាក់អន្ទាក់ និងការបំពុល។

លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា ប្រជាសហគមន៍នៅតាមតំបន់មួយចំនួនបាន ប្រើប្រាស់ថ្នាំពុលដាក់ទៅក្នុង ឬជុំវិញត្រពាំងដើម្បី ចាប់សត្វស្លាប និងថនិកសត្វផ្សេងៗ ហើយការបំពុល នេះក៏ជាមូលហេតុ ចម្បងដែលបណ្ដាលឱ្យសត្វត្មាតស្លាប់ដែរដោយសារតែសត្វត្មាតទាំងនោះស៊ីសាលសពសត្វស្លាប់ដោយសារតែថ្នាំពុល។

រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថា ក្នុងនាមក្រសួងបរិស្ថាន សូមបានអំពាវនាវដល់ប្រជា ពលរដ្ឋទាំងអស់ចូលរួមអភិរក្ស និងការពារសត្វត្មាតដោយបញ្ឈប់សកម្មភាពបរបាញ់ ឬការជួញដូរសត្វព្រៃ។

អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា សត្វត្មាតជាសត្វស្លូត និងជាអ្នកដែលសម្អាតបរិស្ថានដោយស៊ីគម្រង់សាកសពសត្វផ្សេងទៀតជាអាហារ ហើយការពារ និងអភិរក្សសត្វត្មាតបានគង់វង្ស វាជាការថែរក្សាមរតកធម្មជាតិដ៏មានតម្លៃមហាសាលសម្រាប់កម្ពុជា និងពិ ភពលោកទាំងមូលជាតម្លៃសម្រាប់ការអភិរក្សជីវៈចម្រុះ និងការទាក់ទាញភ្ញៀវទេសចរស ម្រាប់ទេសចរណ៍ធម្មជាតិ បង្កើតមុខរបរ ផ្តល់ចំណូលជូនប្រជាពលរដ្ឋ៕