(ត្បូងឃ្មុំ)៖ លោក វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១នេះ បានដឹកនាំកិច្ចប្រជុំ ដើម្បីធ្វើការផ្សព្វផ្សាយ សេចក្តីសម្រេចរបស់គណកម្មាធិការកណ្តាល ស្តីពីផែនការរួមឆ្ពោះ ទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅស្រុកតំបែរ។

ក្នុងឱកាសនេះ លោកប្រធានក្រុមការងារ បានវាយតម្លៃខ្ពស់ និងអរគុណចំពោះ លោកប្រធាន អនុប្រធានក្រុមការងារ ចុះជួយឃុំ ភូមិ អាជ្ញាធរស្រុក ឃុំ ភូមិ ចំពោះការលះបង់គ្រប់បែបយ៉ាង ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងនាមជាមន្រ្តីរាជការចុះមកបម្រើរាស្រ្ត សហការ និងដោះស្រាយនូវរាល់បញ្ហានៅទូទាំងស្រុកតំបែរ ជូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ ជាពិសេសការចិញ្ចឹមចលនា ក៣ ដូចភ្លៀងរលឹម។

លោក វេង សាខុន បានក្រើនរំលឹក និងលើកយកមកបង្ហាញជូនសមាជិក សមាជិកាអំពីចំណុចខ្លាំង ត្រូវរក្សាទុក និងត្រូវប្រតិបត្តិឲ្យកាន់តែល្អប្រសើរ ជាបន្តបន្ទាប់ស្របតាមស្ថានការជាក់ស្តែង និងភាពចាំបាច់ដោយឡែកចំណុចខ្សោយវិញ ត្រូវសិក្សាស្វែងយល់ឲ្យបានស៊ីជម្រៅ ពិនិត្យ និងកែលម្អឲ្យបាន ល្អប្រសើរ។

ជាមួយគ្នានេះ លោក វេង សាខុន ក៏បានជួយឧបត្ថម្ភថវិកាមួយចំនួន ដែលបានមកពីសមាជិកក្រុមការងារ និងថវិការបស់លោកផ្ទាល់ ជូនអាជ្ញាធរស្រុកយកទៅទុកប្រើប្រាស់ សម្រាប់វិធានការការពារជំងឺឆ្លងកូវីដ-១៩ និងការធ្វើចត្តាឡីស័កផងដែរ។

នៅរសៀលថ្ងៃដដែលនេះ លោក វេង សាខុន ក៏បានបន្ដអញ្ជើញមកធ្វើការផ្សព្វផ្សាយ សេចក្តីសម្រេចរបស់គណកម្មាធិការកណ្តាល ស្តីពី «ផែនការរួមឆ្ពោះទៅកាន់ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២» នៅស្នាក់ការបក្សស្រុកកំពង់សៀម។

លោក វេង សាខុន ក៏ស្នើសុំឲ្យក្រុមការងារថ្នាក់ជាតិ ក៏ដូចជាថ្នាក់ក្រោមជាតិ ត្រូវបន្តរក្សាភាពឈ្នះរបស់យើង ឲ្យបានគង់វង្ស តាមរយៈយកចិត្តទុកដាក់ អនុវត្តសេចក្តីសម្រេចស្តីពី «ផែនការរួមឆ្ពោះទៅកាន់ការបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២»

លើសពីនោះទៀត លោក វេង សាខុន ក៏បានក្រើនរំលឹកជូនសមាជិក សមាជិកា និងជាពិសេសបងប្អូនប្រជាពលរដ្ឋទូទាំងស្រុកថា ស្ថានភាពជំងឺឆ្លងកូវីដ-១៩ មិនទាន់ធូរស្បើយនៅឡើយទេ។ ដូច្នេះយើងត្រូវយក ចិត្តទុកដាក់ប្រកាន់ខ្ជាប់នូវគោលការណ៍ ៣ការពារ និង៣កុំ។

ក្នុងឱកាសនេះ លោក វេង សាខុន បានជួយឧបត្ថម្ភថវិកាមួយចំនួន ជូនអាជ្ញាធរស្រុកយកទៅទុកប្រើប្រាស់ សម្រាប់វិធានការការពារជំងឺឆ្លង កូវីដ-១៩ និងការធ្វើចត្តាឡីស័ក៕