(ភ្នំពេញ)៖ អាជ្ញាធររាជធានីភ្នំពេញ បានអះអាងថា គិតត្រឹមរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១នេះ ផ្ទះបណ្ដែតទឹក និងបែត្រីរបស់ជនជាតិវៀតណាម ចំនួន៥៤២ផ្ទះ/បែត្រី បានរុះរើសស្ទើរទាំងស្រុង១០០ភាគរយហើយ នៅសល់ត្រឹមតែ៨០ផ្ទះ/បែត្រីប៉ុណ្ណោះ ដែលមិនទាន់រុះរើ ខណៈពួកគាត់សន្យារុះរើដោយខ្លួនឯង។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោក ញាណ ចាន់សោភា នាយករដ្ឋបាលសាលាខណ្ឌច្បារអំពៅ បានបញ្ជាក់ថា ផ្ទះបណ្តែតទឹក បែត្រី នៅខណ្ឌច្បារអំពៅ មានចំនួន៥៤២ ក្នុងនោះបែចិញ្ចឹមត្រីចំនួន ២៩៣បែត្រី និងផ្ទះបណ្តែតទឹកចំនួន ២៤៣ផ្ទះ។

លោកបន្ដទៀតថា ក្នុងប្រតិបត្តិការនាព្រឹកមិញនេះ ការរុះរើដោយស្ម័គ្រចិត្ត និងដោយការអនុវត្តន៍វិធានរដ្ឋបាល បានរុះរើ ចំនួន៤៥៧ផ្ទះ និងបែត្រី នៅសល់ប្រមាណ៨០ផ្ទះ/បែត្រី ប៉ុណ្ណោះ ដែលពួកគាត់បានស្នើសុំមកអាជ្ញាធរ ពន្យារពេលដើម្បីរកទីតាំង និងរុះរើបន្តបន្ទាប់ទៀត។

សូមជម្រាបថា កម្លាំងអាជ្ញាធរ និងសមត្ថកិច្ច ក្រោមការបញ្ជារបស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១នេះ បានបន្ដប្រតិបត្តិការចុះរុះរើសផ្ទះបណ្ដែតទឹក និងបែត្រីរបស់ជនជាតិវៀតណាម ក្នុងមូលដ្ឋានរាជធានីភ្នំពេញ ចំពោះអ្នកដែលនៅរឹងទទឹង មិនព្រមអនុវត្តតាមការណែនាំ ដោយឲ្យរុះរើសដោយខ្លួនឯង៕