(ភ្នំពេញ)៖ សមាគមមិត្ដភាព កម្ពុជា-ចិន នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១នេះ បានរៀបចំកម្មវិធី ប្រគល់-ទទួល ម៉ាស ឱសថ សៀវភៅអភិបាលកិច្ចប្រទេសចិន របស់លោក ស៊ី ជីងភីង ពីមិត្តសប្បុរសជនចិន និងបានប្រគល់បន្តជូន ទៅកំពង់ផែស្វយ័តក្រុងភ្នំពេញ សម្រាប់ក្នុងការប្រើប្រាស់ ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។

អំណោយទាំងនេះ រួមមាន៖ សៀវភៅលោក ស៊ី ជិនពីង ស្តីពីការគ្រប់គ្រងរដ្ឋ ចំនួន៧២ច្បាប់ (២៤ច្បាប់ ជាភាសាចិន និង៤៨ច្បាប់ ជាភាសាអង់គ្លេស) ដែលជាអំណោយ របស់សហព័ន្ធឧស្សាហកម្ម និងពាណិជ្ជកម្មខេត្តហ្សីជាំង ប្រចាំប្រទេសកម្ពុជា ថ្នាំបុរាណចិន មួកឈូសៀនលីងវេន ចំនួន២០០ប្រអប់ ម៉ាសចំនួន៣កេះ (ស្មើនឹង៦,០០០ម៉ាស) និងថ្នាំការពារជំងឺឆ្លង (Fang yi yi hao) ២កេះ សរុបចំនួន ១០០ដុំ ដែលជាអំណោយរបស់មូលនិធិសប្បុរសធមិចិន នៅក្រៅប្រទេស តាមរយៈ លោក HU JIAN HAI ប្រធានសហព័ន្ធឧស្សាហកម្ម និងពាណិជ្ជកម្មខេត្តហ្សីជាំង ប្រចាំប្រទេសកម្ពុជា។

ក្នុងឱកាសនោះផងដែរ សមាគមមិត្តភាព កម្ពុជា-ចិន ក៏ទទួលបានថវិកាឧបត្ថម្ភសម្រាប់ទ្រទ្រង់ ដំណើរការរបស់សមាគម ចំនួន២,០០០ដុល្លារអាមេរិក ពីលោកស្រីឧកញ៉ា ចាន់ សុទ្ធា សមាជិកាគណៈកម្មការប្រតិបត្តិនៃសមាគម មិត្តភាពកម្ពុជា ចិន និងជាប្រធានក្រុមហ៊ុនស៊ិនជូរីគ្រុបផងដែរ។

ក្នុងឱកាសនោះ លោក ឯក សំអុល ប្រធានសមាគមមិត្ដភាព កម្ពុជា-ចិន ក៏បានសម្តែងនូវសេចក្តីរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ម្ចាស់ឧបត្ថម្ភទាំងអស់ ដែលបានផ្តល់អំណោយនាពេលនេះ ដើម្បីជាការរួមចំណែកលើការងារមនុស្សធម៌ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាល នៅក្នុងប្រទេសកម្ពុជា៕