(ប៉ៃលិន)៖ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកស្បៀងអាហារ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ចាស់ជរា ជនពិការ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតដោយសារវិបត្តិកូវីដ១៩ ចំនួន ៣២គ្រួសារ ក្នុងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

លោកស្រី បាន ស្រីមុំ បាននាំនូវប្រសាសន៍ផ្តាំផ្ញើការសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ប្រជាពលរដ្ឋ ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែនៅរួមសុខទុក្ខជាមួយប្រជាពលរដ្ឋគ្រប់គ្រាលំបាក និងមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ដាច់ស្បៀងស្លាប់ ដោយលោកមិនបានដឹង និងមិនបានដោះស្រាយជូនឡើយ។

លោកស្រី បាន ស្រីមុំ ក៏បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមប្រយុទ្ធនឹងជំងឺកូវីដ-១៩ ស្របតាមប្រធានបទ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ ដោយផ្លាស់ប្តូរឥរិយាបទក្នុងការរស់នៅជាធម្មតា តាមកន្លងថ្មី រក្សាអនាម័យលាងដៃ ពាក់ម៉ាស់ក្នុងករណីចាំបាច់ និងការរក្សាគម្លាតពីគ្នា មិនត្រូវលួចរត់ចេញពីតំបន់បិទខ្ទប់នេះ ពិសេសអនុវត្តនូវវិធានការ ៣កុំ ៣ ការពារ របស់ប្រមុខរាជរដ្ឋាភិបាលជាប្រចាំផងដែរ។

សូមបញ្ជាក់ថា ស្បៀងអាហារដែលបានផ្តល់ជូនតាមខ្នងផ្ទះក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ៥០គីឡូក្រាម ត្រីខ ១យួរ ទឹកស៊ីអ៊ីវ ១យួរ មី ២កេស ឃីត១ (កន្ទេល១ មុង១ ក្រមា១ ភួយ១) អាវយឺត១ ទឹកសុទ្ធ១កេស និងថវិកា ១០០.០០០រៀល៕