(ស្វាយរៀង)៖ សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១នេះ បានប្រារព្ធពិធីប្រគល់-ទទួល មូលនិធិពីសប្បុរសជនអបអរខួបទី ១៥៨ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ «ទាំងអស់គ្នា រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ»

ពិធីទទួលថវិកាពីសប្បុរសជននេះ ធ្វើឡើងក្រោមអធិបតីលោកស្រី ដួង វណ្ណា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង និងសមាជិក សមាជិកាគណៈកម្មា ធិការសាខាមូលនិធិជាច្រើនរូបផងដែរ។

លោកស្រី ដួង វណ្ណា បានថ្លែងថា ទោះបីទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា មិនបានប្រារព្វធ្វើ ២ឆ្នាំជាប់គ្នាដោយសារតែការរាតត្បាតជាសកល នៃជំងឺកូវី-១៩ បណ្តាលឲ្យជួបផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចនៅលើពិភពលោក ក៏ដូចនៅប្រទេសកម្ពុជាក៏ដោយ សាខកាកបាទក្រហមកម្ពុជាខេត្តនីមួយៗបានប្រើប្រាស់ សេចក្តីប្រកាសព័ត៌មានរបស់កាកបាទក្រហមកម្ពុជា សម្រាប់ជាមូលដ្ឋាននៃការរកមូលនិធិដែលត្រូវរៀបចំជាកម្មវិធី ប្រគល់-ទទួល ដោយអនុវត្តវិធានការ ៣ ការពារ ៣កុំ និង ២ចូលរួម ដើម្បីផ្សព្វផ្សាយនាមសប្បុរសជន និងធ្វើលិខិត ឬបណ្ណថ្លែងអំណរគុណជូនសប្បុរសជនទាន់ពេលវេលាផងដែរ។

សូមបញ្ជាក់ថា សប្បុរសជនដែលបានជួយឧបត្ថម្ភដល់សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងរួមមាន៖ លោក សោម សុធា អគ្គនាយកគម្រោងអចលនទ្រព្យ ភូមិមរតក និងសហការី ស្ថិតនៅភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង ថវិកា ២០លានរៀល។ លោកឧកញ៉ា សូ ងួន និងលោកស្រី ១,០០០ដុល្លារ, នាយឧត្តមសេនីយ៍ ព្រហ្ម មរណៈ និងលោកស្រី ភោគ សោភ័ណ្ឌ ៣០០ដុល្លារ៕