(បន្ទាយមានជ័យ)៖ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារ ដោយមានការចូលរួមពីលោក ដុំ វណ្ណឌី អនុប្រធានមន្ទីរពាណិជ្ជកម្ម និងតំណាងក្រុមហ៊ុន Smart បានចុះចែកអំណោយជូនដល់ប្រជាពលរដ្ឋជួបការលំបាក ១០០គ្រួសារ នៅក្នុងសង្កាត់ភ្នៀត ៣០គ្រួសារ និងសង្កាត់កោះពងសត្វ ៧០គ្រួសារ ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោក អ៊ុ រាត្រី បានគូសបញ្ជាក់ថា ក្នុងនាមរាជរដ្ឋាភិបាល អាជ្ញាធរខេត្តបន្ទាយមានជ័យ បានគិតគូរដោះស្រាយបញ្ហាការលំបាករបស់ប្រជាពលរដ្ឋទូទាំងខេត្ត នាពេលកន្លងមក តាមរយៈការផ្តល់អំណោយស្បៀងឧបត្ថម្ភបានប្រមាណ ៥០០០គ្រួសារមកហើយ ក្នុងដំណាក់កាលនៃការរីករាលនៃជំងឺកូវីដ១៩ ព្រឹត្តិការណ៍សហគមន៍ ដោយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអាជ្ញាធរខេត្ត មិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់មានបញ្ហា ដោយការដាច់ស្បៀងហូបចុកនោះឡើយ។

លោកបានបន្ថែមថា អំណោយរបស់ក្រុមហ៊ុន Smart ឧបត្ថម្ភនាពេលនេះជាការចូលរួមចំណែកដ៏មានសារៈសំខាន់របស់វិស័យឯកជន ដើម្បីជួយដោះស្រាយ ទុក្ខលំបាករបស់ប្រជាពលរដ្ឋក្នុងដំណាក់កាលនៃការរីករាលនៃជំងឺកូវីដ១៩។

លោក អ៊ុ រាត្រី បានបន្តទៀតថា ជំងឺកូវីដ-១៩ កំពុងរីករាលដាលនៅលើសកលលោក ដែលក្នុងនោះប្រទេសកម្ពុជា ក៏កំពុងរងគ្រោះផងដែរ ដូច្នេះដើម្បីការពារទប់ស្កាត់ និងបង្ការការចម្លងជំងឺនេះប្រជាពលរដ្ឋទាំងអស់ ត្រូវរក្សាសុខភាព និងរក្សាអនាម័យ និងចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលនិងអនុវត្តឲ្យបានតាម អនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន គឺ៣ការពារ និង ៣កុំ៕