(ស្វាយរៀង)៖ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ក្នុងនាមលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង លោកទេសរដ្ឋមន្រ្តី លី ធុជ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងបាវិត បាននាំយកនូវគ្រឿងឧបភោគបរិភោគចែកជូនដល់គ្រួសារកំពុងជួបការលំបាកខ្វះខាតដោយសាររងផលប៉ះពាល់ជំងឺកូវីដ១៩ ចំនួន ៣៧៥គ្រួសារ ស្ថិតនៅសង្កាត់ទាំង៥ ក្នុងក្រុងបាវិត ខេត្តស្វាយរៀង រួមមាន៖ សង្កាត់ច្រកម្ទេស ៣១គ្រួសារ, សង្កាត់ព្រៃអង្គុញ ១៣២គ្រួសារ, សង្កាត់បាទី ៥៣គ្រួសារ, សង្កាត់បាវិត ៤៩គ្រួសារ, និងសង្កាត់ប្រាសាទ ១១០គ្រួសារ។

គ្រឿងឧបភោគបរិភោគទាំងនោះរួមមាន៖ អង្ករ ត្រីខកំប៉ុង មី និងទឹកត្រី ដោយមានការចូលរួមឧបត្ថម្ភពីបងប្អូនខ្មែរនៅទីក្រុងកង់បេរ៉ា ប្រទេសអូស្ត្រាលី តាមរយៈលោក សួន ខាលចាន់ខា, លោកស្រី កែ បូរី និងលោក គាំ រីបូន ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកាក្រុមការងារចុះជួយក្រុងបាវិត, ក្រុមហ៊ុន Khmer Times Media Group, លោក ហូ វុទ្ធី ប្រធានក្រុមការងារសង្កាត់ព្រៃអង្គុញ, លោក សាឡា អេអ៊ីសា និងកញ្ញា Narumon Rinruangsin នៃក្រុមហ៊ុន Modern Imp/Exp Co Ltd។

លោកទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងថា ក្រោមការសម្របសម្រួលរបស់លោក មានអ្នកវិនិយោគិន និងសប្បុរជននានាទាំងក្នុង និងក្រៅប្រទេស បានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីរួមចំណែករំលែកទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងទទួលរងគ្រោះដោយសារកូវីដ-១៩។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសប្បុរសជននានា ដែលបានចូលរួមឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ជូនដល់បងប្អូនប្រជាពលរដ្ឋក្រុងបាវិតកំពុងជួបការលំបាក ដោយសារជំងឺឆ្លងកូវីដ-១៩នេះ។

លោកបានបន្តទៀតថា ការឧបត្ថម្ភស្បៀងនេះ ពិតជាបានឆ្លើយតបនឹងតម្រូវការចាំបាច់សម្រាប់ដោះស្រាយបញ្ហាប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្វះខាត ក្នុងគ្រាដែលប្រទេសកំពុងជួបបញ្ហាបែបនេះ ហើយក៏ជាការបង្ហាញអំពីទឹកចិត្ត ដ៏សប្បុរស និងសណ្តានចិត្តចូលរួមសាមគ្គីរបស់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងនៅក្នុង និងក្រៅប្រទេស «ខ្មែរជួយខ្មែរ» ដើម្បីជួយជ្រោមជ្រែងទៅដល់ការឆ្លើយតបទៅនឹងវិធានការការទប់ស្កាត់ការរីករាលជំងឺកូវីដ-១៩ ផងដែរ៕