(ភ្នំពេញ)៖ ការដ្ឋានធ្វើស្ពាន ចំនួន៧កន្លែង និងបុកស៉ីផាយតាមមាត់ប្រឡាយមេ ការពារដីបាក់ នៅប្រឡាយទួលពង្រ១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ បាននិងកំពុងធ្វើសកម្មភាពយ៉ាងមមាញឹក ដោយគិតមកដល់ត្រឹមថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ ការដ្ឋានទាំងមូលសម្រេចបានប្រមាណ៨៥ភាគរយហើយ នឹងគ្រោងរួចរាល់នៅក្នុងពាក់កណ្តាលខែកក្កដា ឆ្នាំ២០២១ខាងមុខនេះ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរ សាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី១១ មិថុនានេះថា ដោយមានការណែនាំនិងចង្អុលបង្ហាញពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មន្ទីរសាធារណការ សហការជាមួយមន្ទីរធនធានទឹក និងអាជ្ញាធរខណ្ឌពោធិសែនជ័យ បានដាក់គ្រឿងចក្រកាយស្តារប្រឡាយទួលពង្រទី១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ទំហំ ៨ម៉ែត្រ និងជម្រៅ២ម៉ែត្រ ដោយធ្វើការសាងសង់ស្ពានចំនួន៧កន្លែង និងបុកស៉ីផាយតាមមាត់ប្រឡាយមេ ការពារដីបាក់ ដោយគិតមកដល់ត្រឹមថ្ងៃទី១១ មិថុនានេះ ការដ្ឋានទាំងមូលសម្រេចបានប្រមាណ៨៥ភាគរយហើយ និងគ្រោងរួចរាល់នៅក្នុងពាក់កណ្តាលខែកក្កដា ឆ្នាំ២០២១ខាងមុខនេះ ។

លោកបន្តថា ប្រឡាយនេះមានតួនាទីយ៉ាងសំខាន់ ក្នុងការបង្ហូរទឹក រំដោះទឹកជន់ពីផ្លូវជាតិលេខ៣ ក្នុង ភូមិសាស្ត្រ ខណ្ឌមានជយ័ ទៅកាន់បឹងជើងឯក និងបន្តហូរ ទៅកាន់ស្ទឹងជ្រៅ។ នៅពេលគំរោងការនេះ បញ្ចប់វានឹងអាចកាត់បន្ថយទឹកជំនន់ទឹកភ្លៀង បានមួយកំរិតធំ។

លោក សាំ ពិសិដ្ឋ បានបន្តទៀតថា «ក្នុងពេលសាងសង់ស្ពាន៧កន្លែងនេះ យើងបានដាក់លូប្រអប់បណ្តោះ ដោយសារតែយើងបានកាត់ផ្តាច់ផ្លូវមួយចំនួនកាលពីជំនន់ទឹកភ្លៀងនារដូវវស្សាកន្លងមក។ ចំណែកនៅមុខផ្ទះប្រជាពលរដ្ឋដែលបានកាត់ផ្តាច់ផ្លូវ យើងបានបុកស៉ីផាយដើម្បីទប់ដីកុំឱ្យបាក់ប្រវែងជាង ២០០ម៉ែត្រផងដែរ»

គម្រោង ស្តារប្រឡាយទួលពង្រ១ ជាប្រឡាយបេតុងនេះ មានទទឹង ៨ម៉ែត្រ បណ្ដោយ ៤៥៤៥ម៉ែត្រ ចាប់ពីភូមិព្រៃព្រីងខាងត្បូងដល់បុរីជីបម៉ុង។ ដាក់លូប្រអប់ទំហំ ២,៦៥ម៉ែត្រគុណនឹង២,៦៥ម៉ែត្រ មានចំនួន៣ជួរប្រវែង៤៤៥ម៉ែត្រ ចាប់ពីបុរីជីពម៉ុងដល់ប្រឡាយបឹងហា។ ដាក់លូប្រអប់ស្របតាមផ្លូវជាតិលេខ៣ ទំហំ ៦ម៉ែត្រគុណនឹង២ ម៉ែត្រប្រវែង១២២០ម៉ែត្រ ចាប់ពីបូរី Green Vill ដល់ដើមប្រឡាយទួលពង្រ និងដាក់លូជ្រុងចំណុចផ្លូវឆ្លងកាត់មានចំនួន ៧កន្លែងផងដែរ។

គួរបញ្ជាក់ថា ការដ្ឋានធ្វើស្ពានចំនួន៧កន្លែង និងបុកស៉ីផាយតាមមាត់ប្រឡាយមេ ការពារដីបាក់ នៅប្រឡាយទួលពង្រ១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យនេះ បានធ្វើពិធីក្រុងពាលី តាមបែបសាសន៍ជាមួយក្រុមហ៊ុនទទួលម៉ៅការ កាលពីថ្ងៃទី២១ ខែមិនា ឆ្នាំ២០២១ ក្រោមវត្តមានលោកហែម ដារិទ្ធ អភិបាលខណ្ឌពោធិសែនជ័យ៕