(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំគម្រោងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ចំនួន៤ស្រុក ដែលជាតំបន់មានអ្នកឆ្លងជំងឺកូវីដ-១៩ ច្រើនជាងគេ ក្នុងចំណោមបណ្ដាស្រុក-ក្រុងទាំង១០ ក្នុងខេត្តកំពង់ចាម។

ក្នុងកិច្ចប្រជុំរៀបចំផែនការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បានរៀបចំចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅស្រុកចំនួន៤៖

*ទី១៖ ស្រុកកំពង់សៀម
*ទី២៖ ស្រុកជើងព្រៃ
*ទី៣៖ ស្រុកបាធាយ
*ទី៤៖ ស្រុកព្រៃឈរ។

លោកអភិបាលខេត្ត បានឲ្យដឹងទៀតថា យុទ្ធនាការចាក់វ៉ាក់សាំងនេះផងដែរ ត្រូវធ្វើឲ្យបានរួចរាល់រយៈពេល១១ថ្ងៃ សម្រាប់ដូសទី១ និងដូសទី២ ត្រូវប្រើរយៈពេល១១ថ្ងៃដូចគ្នា និងត្រូវបញ្ចប់ទាំងស្រុង ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ៣២ម៉ឺននាក់ ក្នុងរយៈពេល២២ថ្ងៃ។

ទន្ទឹមនឹងនោះដែរ លោកអភិបាលខេត្ត បានណែនាំដល់មន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវរៀបចំទីតាំងចាក់វ៉ាក់សាំងនីមួយៗ ឲ្យមានកន្លែងផ្ញើទុកដាក់យានជំនិះ និងបន្ទប់អនាម័យ និងរថយន្តសង្គ្រោះបន្ទាន់ផងដែរ។ ចំណែករដ្ឋបាលស្រុកត្រូវជំរុញដល់អាជ្ញាធរឃុំចងក្រងបញ្ជីឈ្មោះប្រជាពលរដ្ឋយ៉ាងយូរមួយសប្តាហ៍។

ដោយឡែក ពាក់ព័ន្ធវិធានសុខាភិបាល ត្រូវរៀបចំដាក់ស្លាកណែនាំ ជុំវិញបញ្ហាចាក់វ៉ាក់សាំង និងជូនដំណឹងដល់ប្រជាពលរដ្ឋឲ្យបានទូលំទូលាយ៕