(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា រឿងចោទប្រកាន់មានមូលដ្ឋានទ័ពចិននៅដែនសមុទ្ររាម ទោះបីកម្ពុជាបំភ្លឺប៉ុន្មានក៏អាមេរិកមិនទទួលយកនោះដែរ ព្រោះមិនត្រូវតាមបំណងរបស់គេ។

ក្នុងសន្និសីទព័ត៌មានក្រោយពិធីយកដំណក់ប្រេងទៅតម្កល់នៅវិមានឈ្នះ-ឈ្នះ នាព្រឹកថ្ងៃពុធ ទី០៩ ខែមិថុនា ឆ្នាំ២០២១ សម្តេចពិជ័យសេនា ទៀ បាញ់ បានរំលឹកពីជំនួយរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោកស្រី Wendy Sherman ដែលបានជជែកច្រើនលើការចោទប្រកាន់រឿងមូលដ្ឋានទ័ពចិននៅដែនសមុទ្ររាម។

សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា ក្នុងជំនួបនោះកម្ពុជា បានបញ្ជាក់ជាច្រើនលើបញ្ហានេះ ហើយលោកស្រីអនុរដ្ឋមន្ត្រីការបរទេសអាមេរិក បានស្នើសុំឱ្យមន្ត្រីអនុព័ន្ធយោធាអាមេរិកប្រចាំនៅកម្ពុជាចុះទៅទស្សនកិច្ចនៅមូលដ្ឋានទ័ពសមុទ្ររាម។

សម្តេច ទៀ បាញ់ បានគូសបញ្ជាក់ថា ឆ្លើយតបនឹងសំណើអនុរដ្ឋមន្ត្រីការបរទេសអាមេរិកនេះ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានស្វាគមន៍ និងអនុញ្ញាតឱ្យមន្ត្រីអនុព័ន្ធយោធាអាមេរិកចុះទៅទស្សនកិច្ច និងសិក្សានៅតំបន់នោះគ្រប់ពេល។

តែសម្រាប់សម្តេចពិជ័យសេនា ទៀ បាញ់ ការចុះទស្សនកិច្ចរបស់មន្ត្រីអនុព័ន្ធយោធាអាមេរិកទៅកាន់សមុទ្ររាមនោះ ក៏មិនអាចបិទបញ្ចប់ការចោទប្រកាន់របស់អាមេរិកមកលើកម្ពុជាបាននោះទេ។ បើតាមសម្តេចពិជ័យសេនា ទៀ បាញ់ មន្ត្រីអនុព័ន្ធយោធាអាមេរិកធ្លាប់បានចុះទៅទីនោះ ហើយសម្តេចក៏បានបកស្រាយរាប់មិនអស់មកហើយ តែគេនៅតែមិនទទួលដឹងឮ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ដូច្នេះ «ទោះបីទៅលើកនេះក៏អត់មានអីចម្លែកដែរ ដោយសារអ្វី? មុនហ្នឹងធ្លាប់ចុះទៅម្តងហើយងងឹតមេឃងងឹតដី ចុះទៅម្តងហើយ តែនៅដដែល។ បើខ្ញុំនិយាយ និយាយរាប់លើកមិនអស់ទេ ប៉ុន្តែនៅតែដដែល ព្រោះមិនបានតាមបំណងប្រាថ្នារបស់គេ គេមិនទទួលយកទេ»