(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមើលឃើញថា នយោបាយឥណ្ឌូប៉ាស៊ីហ្វិក របស់អាមេរិក និងសម្ព័ន្ធមិត្ត និងគោលនយោបាយខ្សែក្រវ៉ាត់ និងផ្លូវ គឺជាសមរភូមិភូមិសាស្ត្រនយោបាយសតវត្សរ៍ទី២១រវាងអាមេរិក និងចិន ដែលជាមហាអំណាចលើលោក។

កាលពីជាងកន្លះសតវត្សរ៍មុនការប្រជែងឥទ្ធិពលរវាងអាមេរិក មហាអំណាចកាន់លិទ្ធិសេរី ជាមួយបណ្តាប្រទេសកាន់លិទ្ធិកុម្មុយនិស្តនៅតំបន់អាស៊ីអាគ្នេយ ជាពិសេសនៅឥណ្ឌូចិន (កម្ពុជា, វៀតណាម និងឡាវ) បានធ្វើឱ្យកម្ពុជារអិលជើងធ្លាក់ទៅក្នុងភ្នក់ភ្លើងសង្គ្រាម។ ភ្នក់ភ្លើងសង្គ្រាមនេះ បានអូសបន្លាយអស់រយៈពេលជាង ៣ទសវត្សរ៍ ទើបបិទបញ្ចប់ទៅវិញ តាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ១៩៩៨។

បច្ចុប្បន្នសរភូមិភូមិសាស្ត្រនយោបាយរបស់ប្រទេសមហាអំណាចលើលោកចិន និងអាមេរិក ត្រូវបានគេមើលឃើញថា កំពុងកើនឡើងកម្តៅជាថ្មី។ កម្ពុជា ក៏ជាប្រទេសមួយស្ថិតនៅក្នុងតំបន់នៃការប្រជែងអានុភាពរវាងចិន និងអាមេរិកផងដែរ។ ការប្រជែងនេះ នាំឱ្យមានការបារម្ភពីលទ្ធភាពនាំឱ្យកម្ពុជារអិលជើងធ្លាក់ទៅក្នុងភ្លើងសង្គ្រាមដូចកាលពីអតីតកាល។

ក្នុងពិធីយកដំណក់ប្រេងលើកដំបូងទៅតម្កល់នៅវិមានឈ្នះ-ឈ្នះ ទីជានិមិត្តរូបនៃការបិទបញ្ចប់ភ្លើងសង្គ្រាម រកបានមកនូវសុខសន្តិភាព ការឯកភាព និងបង្រួបបង្រួមជាតិនាព្រឹកថ្ងៃពុធ ទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា បញ្ហានេះមិនមែនជារឿងធម្មតា ហើយក៏មិនមែនជារឿងថ្មីសម្រាប់កម្ពុជា។

ឆ្លើយនឹងសំណួរថា តើធ្វើបែបណាដើម្បីឱ្យកម្ពុជាចៀសផុតពីបញ្ហានៃការប្រជែងអានុភាពរបស់មហាអំណាចនេះ? សម្តេចពិជ័យសេនា បានលើកឡើងថា កម្ពុជាគ្មានផ្លូវណាជ្រើសរើសក្រៅពីដើរតាមបន្ទាត់នយោបាយ ដែលបានប្រកាន់យកនាពេលកន្លងមកនោះ គឺនយោបាយអព្យាក្រឹត្យ។

សម្តេចពិជ័យសេនា បានបញ្ជាក់ថា «យើងគ្មានផ្លូវណាជ្រើសរើសក្រៅពីដើរនយោបាយរបស់យើងតាមភាពជាក់ស្តែងរបស់ព្រះរាជាណាចក្រកម្ពុជារបស់យើង ដែលបានបំពេញជាបន្តបន្ទាប់។ ខ្ញុំចាត់ទុកជាភាពត្រឹមត្រូវទាំងអស់ យើងមិនដែលរើសអើង មិនដែលប្រកាន់ថា នរណា ជានរណា ឬក៏តាមការគិតគូររបស់គេថាយើងអ៊ីចេះអ៊ីចុះ។ និយាយត្រង់ក៏បានដែរឥឡូវគេគូសបន្ទាត់ដាក់ឱ្យតែម្តង គឺយើងហ្នឹងប្រូ (គាំទ្រ) ចិន ជាដើម។ ក៏ប៉ុន្តែអត់ទេអាហ្នឹង គឺស្រេចតែគេ គេចង់គូស គេចង់វាស គេចង់ថា ជារឿងរបស់គេ តែរឿងយើង គឺយើងមាននយោបាយអព្យាក្រឹត្យ។ យើងធ្វើការជាមួយមិត្តភក្តិទាំងអស់ដែលមករាប់រកគ្នា ក្នុងន័យកិច្ចសហប្រតិបត្តិការ»

ក្រៅពីការប្រកាន់យកនូវគោលនយោបាយអព្យាក្រឹត្យ សម្រាប់សម្តេចពិជ័យសេនារដ្ឋមន្ត្រីការពារជាតិកម្ពុជា ជម្រើសមួយទៀត ដែលកម្ពុជាគួរប្រកាន់យកដែរនោះ គឺកិច្ចសហប្រតិបត្តិការ។ តែសម្រាប់កិច្ចសហប្រតិបត្តិការនេះ គឺត្រូវជ្រើសយកកិច្ចសហប្រតិបត្តិការណាដែលមានប្រយោជន៍ មិនមែនកិច្ចសហប្រតិបត្តិការដែលនាំឱ្យអន្តរាយនោះឡើយ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្ថែមយ៉ាងដូច្នេះ «កិច្ចសហប្រតិបត្តិការហ្នឹងមុនដំបូងបង្អស់ គឺត្រូវមើលផលប្រយោជន៍ដែលយើងត្រូវទទួលបានពីសមិទ្ធផលនៃកិច្ចសហប្របត្តិការហ្នឹង។ បើកិច្ចសហប្រតិបត្តិការហ្នឹងធ្វើឱ្យយើងហិនហោចយើងមិនបាច់ទេ បើកិច្ចសហការហ្នឹងយើងទទួលបានផលប្រយោជន៍ ទទួលបានការរីកចម្រើន នោះគឺយើងរីករាយនឹងទទួល ដើម្បីជាតិមាតុភូមិរបស់យើង ប្រជាជនរបស់យើង»