(ភ្នំពេញ)៖ សមត្ថកិច្ចខណ្ឌច្បារអំពៅ បានសហការជាមួយស្រ្តីជនរងគ្រោះអាជីករលក់ដូរម្នាក់ បង្រ្កាបបានជនសង្ស័យម្នាក់ ករណីវាយប្លន់ម៉ូតូហុងដាឌ្រីមសង់ មិនសម្រេចចបង្កការភ្ញាក់ផ្អើល កាលវេលាម៉ោង ៤៖០០នាទី រសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២១ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវ បេតុង ភូមិកណ្តាល១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

ជនរងគ្រោះឈ្មោះ ជួន សុខងីម ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួល ផ្លូវ៣៦៩ ភូមិកណ្តាល១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

ជនសង្ស័យឈ្មោះ អៀង ផាដែន ហៅស្មី ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវ៣៥៧ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

លោក គាន់ ឌីណា អធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌច្បារអំពៅ បានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៨ ពាក់ផ្លាកលេខ ភ្នំពេញ 1HF-1480 ទៅលក់ដូរនៅផ្សារច្បារអំពៅ ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យបានលោតឡើងជិះម៉ូតូជនរងគ្រោះពីក្រោយ រួចវាយជនរងគ្រោះមួយដៃ ដើម្បីប្លន់យកម៉ូតូ ហើយក៏ មានការប្រតាយប្រតប់ ទៅមករួចជនរងគ្រោះក៏ស្រែកចោរៗ បង្កការភ្ញាក់ផ្អើលពេលនោះក៏មានសមត្ថកិច្ចប៉ុស្តិ៍ ប្រជារដ្ឋរួមនឹងកម្លាំងព្រហ្មទណ្ឌខណ្ឌ បានសហការល្បាតជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាងម៉ូតូ០១គ្រឿង បញ្ចូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់៕