(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា នៅវេលាម៉ោង ១០៖០០ព្រឹកថ្ងៃសុក្រ ២រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ បានព្រះបរមរាជានុញ្ញាតប្រោសព្រះរាជទាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងគណៈប្រតិភូ ចូលក្រាបថ្វាយបង្គំគាល់ ដើម្បីថ្វាយព្រះពរ និងថ្វាយរបាយការណ៍ស្តីពីសមិទ្ធផល និងវឌ្ឍនភាពសកម្មភាពការងារមនុស្សធម៍របស់កាកបាទក្រហមកម្ពុជា ឆ្នាំ២០២០-២០២១ នៅព្រះបរមរាជវាំង។

ក្នុងឱកាសចូលក្រាបបង្គំគាល់នោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមព្រះបរមរាជានុញ្ញាតថ្វាយ ព្រះករុណាព្រះមហាក្សត្រជាអម្ចាស់ នូវថវិកាចំនួន ៥០ម៉ឺនដុល្លារអាមេរិក និងថ្វាយ សម្តេចព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈ នូវថវិកា ៥០ម៉ឺនដុល្លារអាមេរិក ដើមី្បរួមវិភាគទានដល់ព្រះរាជសកម្មភាពមនុស្សធម៌ដ៏ប្រពៃថ្លៃថ្លានៃ ព្រះអង្គទាំងទ្វេ៕