(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានគណៈប្រតិភូសមាជិករដ្ឋសភាវ័យក្មេងនៃរដ្ឋសភាព្រះរាជាណាចក្រកម្ពុជា បានដឹកនាំសហការី ចូលរួមក្នុងកិច្ចប្រជុំទ្វេភាគីរវាងសមាជិករដ្ឋសភាវ័យក្មេងនៃព្រះរាជាណាចក្រកម្ពុជា ជាមួយសមាជិកសភាវ័យក្មេង នៃសភាតំណាងប្រជាជនចិនទូទាំងប្រទេស ដឹកនាំដោយ លោកស្រី វ៉ាង ហុងយ៉ាន (Wang Hongyan) ប្រធានគណៈប្រតិភូសភាវ័យក្មេង នៃសភាតំណាងប្រជាជនចិនទូទាំងប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិន។

កិច្ចប្រជុំនេះរៀបចំឡើងតាមរយៈប្រព័ន្ធវីដេអូ ដែលភ្ជាប់ពីវិមានរដ្ឋសភា ទៅសភាប្រជាជនចិនទូទាំងប្រទេសនៃសាធារណរដ្ឋប្រជាមានិតចិន នៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ដើម្បីធ្វើការចែករំលែកព័ត៌មាន ពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ និងទស្សនៈ ជុំវិញបញ្ហារួមរបស់ប្រទេសទាំងពីរ ក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការ កម្ពុជា-ចិន។ នេះបើតាមការជូនដំណឹងរបស់រដ្ឋសភា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១។

ក្នុងសុន្ទរកថាបើកកិច្ចប្រជុំ លោក ហ៊ុន ម៉ានី និងលោកស្រី វ៉ាង ហុងយ៉ាន (Wang Hongyan) សុទ្ធតែបានរំលេចពីសារៈសំខាន់នៃកិច្ចប្រជុំនាថ្ងៃនេះ ដោយចាត់ទុកថា នេះជាវេទិកាមួយ ដែលអនុញ្ញាតឲ្យសមាជិកសភាវ័យក្មេងនៃប្រទេសទាំងពីរ មានឱកាសចែករំលែកព័ត៌មាន បទពិសោធន៍ការងារ និងធ្វើការពិភាក្សាផ្លាស់ប្តូរទស្សនៈជុំវិញបញ្ហារួមរបស់ប្រទេសទាំងពីរ ក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ កម្ពុជា-ចិន ទាំងក្នុងក្របខណ្ឌទ្វេភាគី តំបន់ និងពិភពលោក។

លោក ហ៊ុន ម៉ានី បានបន្ថែមថា កិច្ចប្រជុំទ្វេភាគីដ៏សំខាន់នាពេលនេះ គឺជាការឆ្លុះបញ្ចាំងនូវភាពរឹងមាំនៃចំណងមិត្តភាពកម្ពុជា-ចិន ក្នុងការកសាងសហគមន៍ជោគវាសនារួម ដែលមានលក្ខណៈយុទ្ធសាស្រ្ត ជាពិសេសរវាងរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងសភាតំណាងប្រជាជនចិនទូទាំងប្រទេស ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានប្រសិទ្ធនាមថា «ចំណងមិត្តភាពដែកថែប» និងបានបង្កើតជា «ទំនាក់ទំនងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»

នៅក្នុងកិច្ចប្រជុំនេះ សមាជិកសភាវ័យក្មេងនៃប្រទេសទាំងពីរ បានផ្ដល់បទអន្តរាគមន៍ និងធ្វើការពិភាក្សាលើប្រធានបទចំនួនបីផ្សេងគ្នា យ៉ាងក្បោះក្បាយ ដោយរំលេចចេញនូវខ្លឹមសារសំខាន់ៗ ជាច្រើនជូនដល់អង្គប្រជុំ ទៅតាមប្រធានបទនីមួយៗ មានដូចជា៖

* ប្រធានបទទី១គឺ « ការលើកកម្ពស់សន្តិភាព ការអភិវឌ្ឍសេដ្ឋកិច្ច ការរក្សាពហុភាគីនិយម និងការកសាងវិបុលភាពសម្រាប់មនុស្សជាតិ តាមរយៈការបន្តគាំទ្រគ្នា និងសហការគ្នាលើគ្រប់ទិដ្ឋភាព ក្នុងដំណាក់កាល និងក្រោយការរីរាលដាលនៃជំងឺកូវីដ១៩»។ សម្រាប់ការផ្ដល់បទអន្តរាគមន៍លើប្រធានបទទី១នេះ សមភាគីចិនមានលោក Chen Fuli សមាជិកគណៈកម្មាធិការកិច្ចការបរទេស នៃសភាប្រជាជនចិនទូទាំងប្រទេស និងលោក Zue Guang សមាជិកសភា នៃសភាខេត្តយូណាន ឯខាងភាគីកម្ពុជាគឺមានលោក សួស យ៉ារ៉ា អនុប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា ជាអ្នកផ្ដល់បទអន្តរាគមន៍។

នៅក្នុងប្រធានបទទី១នេះ ភាគីទាំងពីរបានបង្ហាញយ៉ាងច្បាស់ពីភាពមិនអាចខ្វះបាននៃស្មារតីពហុភាគីនិយម ជាពិសេសកិច្ចគាំទ្រគ្នាទៅវិញទៅមកលើគ្រប់វិស័យ ទាំងក្នុងអំឡុង និងក្រោយពេលកូវីដ ១៩ ដើម្បីរួមគ្នាលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច ការកសាងវិបុលភាពសម្រាប់មនុស្សជាតិ គឺស្របនឹងឃ្លាដែលសម្តេចតេជោ ហ៊ុន សែន បានលើកក្នុងពិធីបើកវេទិកាបូអាវសម្រាប់អាស៉ី កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ដែលថា «គ្មានប្រទេសណាមួយមានសុវត្ថិភាពនោះទេ ដរាបប្រទេសទាំងអស់មិនមានសុវត្ថិភាព»

* ប្រធានបទទី២គឺ «ការកាត់បន្ថយផលប៉ះពាល់ទៅលើសេដ្ឋកិច្ចសង្គមដោយជំងឺកូវីដ១៩ និងការលើកកម្ពស់នូវភាពធន់ក្រោយការរាតត្បាតជាសកលនៃជំងឺនេះ៖ បទពិសោធន៍ និងទស្សនាទាន»

ប្រធានបទនេះ ខាងភាគីចិនមានលោក Guo Hongquan សមាជិកសភា នៃសភាប្រជាជនចិនទូទាំងប្រទេស ជាអ្នកផ្ដល់បទអន្តរាគមន៍ ឯខាងកម្ពុជាគឺមានលោក ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា ជាអ្នកផ្ដល់បទអន្តរាគមន៍។ ដោយភាគីទាំងពីរ បានបង្ហាញពីសារៈសំខាន់នៃការផ្លាស់ប្តូរ ព័ត៌មាន បទពិសោធន៍ និងទស្សនៈរវាងកម្ពុជា ចិន ដើម្បីរួមគ្នាកាត់បន្ថយផលប៉ះពាល់ដែលជះឥទ្ធិពលដោយជំងឺកូវីដ១៩ និងជាពិសេសគឺការធ្វើការរួមគ្នា ដើម្បីបង្កើនភាពធន់សម្រាប់សេដ្ឋកិច្ចសង្គម បន្ថែមទៀត ក្រោយវិបត្តិនេះត្រូវបានបញ្ចប់។

* ចំណែកប្រធានបទទី ៣គឺ «ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័នសភាចិន-កម្ពុជា ជាពិសេស ទំនាក់ទំនងនៃសមាជិកសភាវ័យក្មេងនៃប្រទេសទាំងពីរ ឆ្ពោះទៅកាន់ការពង្រឹងនីតិរដ្ឋ»។ សម្រាប់ប្រធានបទទី៣នេះ ខាងភាគីកម្ពុជាមាន លោកស្រី ម៉ាណ ណាវី តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ជាអ្នកផ្ដល់បទអន្តរាគមន៍ ឯភាគីចិនមានលោក Wang Sen សមាជិកសភា នៃសភាតំបន់វិនហ្សាន ខេត្តយូណាន។

តាមរយៈប្រធានបទទី៣ គណៈប្រតិភូប្រទេសទាំងពីរ ក៏បានពិភាក្សាបន្ថែម លើគោលដៅបន្តជំរុញឲ្យបាននូវកិច្ចសហប្រតិបត្តិការរវាងសភាទាំងពីរ ឆ្ពោះទៅរកការពង្រឹងនីតិរដ្ឋ ដែលជាធាតុមួយដ៏ចាំបាច់ក្នុងចំណោមធាតុនានាដើម្បីធានានិរន្តរភាពនៃវឌ្ឍនភាពជារួមរបស់សង្គមជាតិ។

ក្នុងឱកាសបិទកិច្ចប្រជុំ លោក ហ៊ុន ម៉ានី បានវាយតម្លៃខ្ពស់ និងបង្ហាញសេចក្តីសោមនស្សរីករាយក្រៃលែងចំពោះលទ្ធផលដែលសម្រេចបាន ដោយកិច្ចប្រជុំទ្វេភាគីនាពេលនេះ ជាពិសេសការផ្លាស់ប្តូរយោបល់ បទពិសោធន៍ និងទស្សនៈនៃការចូលរួមផ្ទាល់ជាមួយបក្ស និងរដ្ឋាភិបាលនៅក្នុងកិច្ចការជាតិ និងអន្តរជាតិ ក៏ដូចជាទស្សនវិស័យឆ្ពោះទៅអនាគតនៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ជាពិសេសក្នុងក្របខណ្ឌសមាជិកសភាវ័យក្មេង ដើម្បីកសាងសហគមន៍ជោគវាសនារួម ដែលមានលក្ខណៈពិសេស គឺពេញលេញ ពិតប្រាកដ កម្រិតខ្ពស់ និងស៉ីជម្រៅ៕