(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារមន្ទីរជំនាញ ចុះពិនិត្យប្រព័ន្ធធារាសាស្ត្រ «ទំនប់ដំណាក់អំពិល, ទំនប់ដំណាក់ឈើក្រំ» និងការបង្កបង្កើនផលស្រូវដើមរដូវវស្សា នៅក្រុងពោធិ៍សាត់ ស្រុកភ្នំក្រវាញ ស្រុកតាលោសែនជ័យ និងស្រុកបាកាន ក្នុងគោលបំណង ដើម្បីគ្រប់គ្រងការផ្តល់ទឹក ឱ្យចំគោលដៅប្រជាកសិករ។

បើតាមលោក កែវ វ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ បានឱ្យដឹងថា ប្រព័ន្ធធារាសាស្ត្រដំណាក់អំពិល បច្ចុប្បន្នមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការបញ្ចាល់ទឹកចូលទៅប្រឡាយមេ មានប្រវែង២១គីឡូម៉ែត្រ និងប្រឡាយរង ជាច្រើនផ្សេងទៀត ងាយស្រួលឱ្យបងប្អូនប្រជាកសិករទាញយកទឹក មកស្រោចស្រពតាមតម្រូវការ។ ដោយឡែកប្រព័ន្ធធារាសាស្ត្រដំណាក់ឈើក្រំ បច្ចុប្បន្នត្រូវបាន និងកំពុងស្ថាបនាជិតរួចរាល់ហើយ អាចផ្តល់អត្ថប្រយោជន៍ ស្រោចស្រពផ្ទៃដី សរុប១៦,១០០ហិកតា លើ៥១ភូមិ ក្នុងស្រុកភ្នំក្រវាញ និងស្រុកតាលោសែនជ័យ នៃខេត្តពោធិ៍សាត់។

លោកថា ក្រុមការងារក្រសួងធនធានទឹក ក្រោមការដឹកនាំរបស់លោករដ្ឋមន្រ្តី លឹម គានហោ បានខិតខំប្រឹងប្រែង ដើម្បីអភិឌ្ឍន៍ប្រព័ន្ធធារាសាស្រ្តនៅទូទាំងប្រទេស ដើម្បីធានាដល់ការស្រោចស្រពដល់ផ្ទៃដីដាំដុះ និងការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋឲ្យមានគ្រប់គ្រាន់។

ជាមួយគ្នានោះ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានឱ្យដឹងដែរថា ការងារបង្កបង្កើនផលស្រូវដើមរដូវវស្សា គិតត្រឹមថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ សម្រាប់ផែនការគឺ ១១៥,០០០ហិកតា បច្ចុប្បន្នភ្ជួររាស់បាន ៩៩,១៤៧ហិកតា អនុវត្តបានសរុប ៦៩,០៦៤ហិកតា ស្មើនឹង៦០.០៦% ក្នុងនោះស្រូវដើមរដូវ អនុវត្តបាន២៤៤ហិកតា ស្រូវស្រាល៥២,៩៦២ហិកតា ស្រូវកណ្តាល១១,៦៤៤ហិកតា ស្រូវធ្ងន់៣,៨២១ហិកតា ស្រូវចំការ៦៣ហិកតា និងស្រូវឡើងទឹក៣៣០ហិកតា។ លោកប្រធានមន្ទីរបានបន្តថា ប្រៀបធៀបឆ្នាំមុន ផែនការ ១១៥,០០០ហិកតា អនុវត្តបាន ២១,០០២ហិកតា ស្មើនឹង១៨.២៦%។

ថ្លែងក្នុងឱកាសជួបជាមួយប្រជាពលរដ្ឋនៅតំបន់នោះលោក ម៉ៅ ធនិន បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ បន្តខិតខំបង្កបង្កើនផល និងជ្រើសរើសពូជស្រូវណា ដែលជាតម្រូវការទីផ្សារ និងអាចលក់បានតម្លៃខ្ពស់។ ជាការពិតណាស់ថា មិនត្រឹមតែទំនប់ធារាសាស្ត្រទាំង២ខាងលើនោះទេ គឺនៅមានទំនប់ធារាសាស្ត្រផ្សេងៗជាច្រើនទៀត ដែលប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានផ្តល់ជាកាដូជូនខេត្តរបស់យើង ដើម្បីឱ្យការងារបង្កបង្កើនផលរបស់បងប្អូន ទទួលបានទិន្នផល និងផ្លែផ្កាខ្ពស់ ឈានទៅកាត់បន្ថយភាពក្រីក្រ។

ក្នុងឱកាសនោះលោកអភិបាលខេត្ត ក៏បានណែនាំការងារមួយចំនួន ជុំវិញការគ្រប់គ្រងទឹក ប្រើប្រាស់ទឹក និងទម្លាក់ទឹក ឱ្យចំតម្រូវការប្រជាកសិករ ព្រមទាំងបន្តចុះពិនិត្យទីតាំងគ្រោងសាងសង់រដ្ឋបាលប្រមូលផ្តុំ ស្រុកតាលោសែនជ័យ នៃខេត្តពោធិ៍សាត់ផងដែរ។

ប្រជាពលរដ្ឋដែលទទួលផលពីទំនប់ធារាស្ត្រខាងលើ បានគោរពថ្លែងអំណរគុណជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្តល់សមិទ្ធផល ដែលពុំធ្លាប់មានពីមុនមក នឹងសន្យាគាំទ្រព្រមទាំងដើរតាមសម្តេចទាំងទ្វេរជារៀងរហូត៕