(បន្ទាយមានជ័យ)៖ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ បានជួបសំណេះសំណាល និងទទួលថវិកា ពីអង្គភាពកងពលថ្មើរជើងលេខ៥១ ចំនួន ៩,៣៩០,០០០រៀល និងអង្គភាពតំបន់ប្រតិបត្តិការសឹករងខេត្តចំនួន ៥,៦៨៥,០០០រៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្ត ដើម្បីចូលរួមចំណែកទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ពិសេសគឺក្នុងខួបលើកទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ «ទាំងអស់គ្នារួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធជំងឺកូវីដ១៩ និងកសាងភាពធន់របស់សង្គមជាតិ»

នាឱកាសនោះដែរ លោក អ៊ុ រាត្រី ក៏បានថ្លែងអំណរគុណដល់អង្គភាពកងពលថ្មើរជើងលេខ៥១ និងតំបន់ប្រតិបត្តិការសឹករងខេត្ត ព្រមទាំងកងកម្លាំងទាំងអស បានចូលរួមឧបត្ថម្ភថវិកា ដែលមេបញ្ជាការ បាននាំយកថវិកា ប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តនៅពេលនេះ។

ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានបន្តថា ថវិកាដែលបានផ្ដល់ជូននៅពេលនេះ គឺពិតជាមានតម្លៃ និងឆ្លើយតបបានទាន់ពេលវេលា ក្នុងកាលៈទេសៈដែលខេត្ត កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលបានរីករាលដាលនៅទូទាំងខេត្ត និងជួយដល់ប្រជាពលរដ្ឋរងគ្រោះធម្មជាតិផ្សេងៗ ប្រជាពលរដ្ឋក្រីក្រលំបាក៕