(ភ្នំពេញ)៖ ការផលិតស្រាបៀរ និងភេសជ្ជៈ ស្របតាមស្ដង់ដារអនាម័យ សុវត្ថិភាព និងគុណភាព ធ្វើឲ្យ ខ្មែរ ប៊ែវើរីជីស បន្តទទួលបានវិញ្ញាបនបត្របញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងគុណភាពលំដាប់អន្តរជាតិ ISO 9001:2015 នៅដើមឆ្នាំ២០២១នេះជាបន្តទៀត។

ខ្មែរ ប៊ែវើរីជីស ទទួលបានការជឿជាក់ និងពេញចិត្តពីអតិថិជនលើគុណភាពផលិតផល។ ការទទួលបានការគាំទ្រដ៏ខ្លាំងក្លានេះ គឺដោយសារក្រុមហ៊ុនបានវិនិយោគលើម៉ាស៊ីន និងបច្ចេកវិទ្យានាំចូលពីសហភាពអឺរ៉ុប បូករួមនឹងការត្រួតពិនិត្យយ៉ាងដិតដល់របស់អ្នកជំនាញ ដែលទទួលបានការបណ្ដុះបណ្ដាលត្រឹមត្រូវ។

លោកឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឲ្យដឹងថា៖ «ខ្មែរ ប៊ែវើរីជីស បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្លាក្នុងការត្រួតពិនិត្យលើគ្រប់ដំណាក់កាលនៃការផលិត ដោយអនុលោមតាមច្បាប់ និងលក្ខខណ្ឌស្តង់ដារនៃប្រព័ន្ធគ្រប់គ្រងគុណភាព ធ្វើយ៉ាងណាឲ្យគ្រប់ផលិតផលរបស់យើងមានគុណភាព និងសុវត្ថិភាពខ្ពស់ មុនបញ្ចេញទៅលក់នៅលើទីផ្សារ»

ផលិតផលស្រាបៀរ និងភេសជ្ជៈទាំងអស់របស់ ខ្មែរ ប៊ែវើរីជីសត្រូវបាន ឆ្លងកាត់ការត្រួតពិនិត្យ និងវាយតម្លៃយ៉ាងហ្មត់ចត់ដោយអ្នកជំនាញអន្តរជាតិ ហើយតែងទទួលបានមេដាយពី Monde Selection Awards បញ្ជាក់គុណភាព និងសុវត្តិភាពផងដែរ៕