(សៀមរាប)៖ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះ លោក ពៅ ពិសិដ្ឋ អភិបាលរង តំណាង លោក ទៀ សីហា អភិបាលខេត្តសៀមរាប បាននាំយកនូវទេយ្យទាន ជាគ្រឿងឧបភោគបរិភោគ យកទៅវេរប្រគេនព្រះសង្ឃគង់នៅវត្តចំនួន២ ក្នុងស្រុកស្វាយលើ ដែលជួបការខ្វះខាតក្នុងបរិបទ នៃជំងឺកូវីដ១៩ មានវត្តព្រះអង្គជប់ និងវត្តប្រាសាទសង្កែសឹង្ហ។

ពិធីវេរប្រគេននេះបានប្រព្រឹត្តនៅវត្តព្រះអង្គជប់ ស្ថិតក្នុងភូមិតាហាន ឃុំខ្នងភ្នំ ស្រុកស្វាយលើ ដោយមានការចូលរួមពីលោកលោកស្រីថ្នាក់ដឹកនាំមន្ទីរ អង្គភាព ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក សហភាពសហព័ន្ធយុវជនកម្ពុជាស្រុក អាជ្ញាធរឃុំ ភូមិ ពុទ្ធបរិស័ទផងដែរ។

លោក អៀង ពិសិដ្ឋ អភិបាលស្រុកស្វាយលើ បានបញ្ជាក់ថា វត្តព្រះអង្គជប់ ជាវត្តមួយស្ថិតនៅនឹងចង្កេះភ្នំគូលែន ក្នុងតំបន់ឧទ្យានជាតិ ភ្នំគូលែន និងវត្តប្រាសាទសង្កែសឹង្ហ ជាវត្តខ្វះខាតមួយ ស្ថិតនៅភូមិត្រពាំងខ្ទះ ឃុំស្វាយលើ ស្រុកស្វាយលើ ក្នុងតំបន់ព្រៃភ្នំជាប់ខេត្តព្រះវិហារ។

លោកបានបន្តទៀតថា ស្របពេលដែលនៅលើពិភពលោក ក៏ដូចប្រទេសកម្ពុជា កំពុងជួបវិបត្តិជំងឺកូវីដ១៩ សំខាន់ក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ ដែលបានធ្វើឲ្យវត្តមួយចំនួនក្នុងស្រុក ជួបនូវកង្វះខាតផងដែរ។

ក្នុងនាមអភិបាលខេត្ត លោក ពៅ ពិសិដ្ឋ បានគូសបញ្ជាក់ថា ក្នុងពេលដែលនៅលើពិភពលោក ក៏ដូចនៅកម្ពុជាបានកំពុងជួបនូវវិបត្តិជំងឺកូវីដ១៩ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់វិស័យសេដ្ឋកិច្ច សំខាន់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ក៏ដូចព្រះសង្ឃនៅតាមទីវត្តអារាម ដាច់ស្រយាលផងដែរ។ ដោយបញ្ហានេះ ប្រមុខរាជរដ្ឋាភិបាល ក្រោមកិច្ចដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក៏ដូចរដ្ឋបាលខេត្ត បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការចូលរួមប្រយុទ្ធប្រឆាំងបង្ការទប់ស្កាត់ជំងឺកូវីដ១៩ កុំឲ្យមានការឆ្លងរាលដាលជាសហគមន៍។

លោក ពៅ ពិសិដ្ឋ បានលើកផងដែរថា រដ្ឋបាលខេត្ត ក្រៅពីប្រជាពលរដ្ឋជួបការខ្វះខាត តែងតែគិតដល់តាមទីវត្តអារាប ហើយមកដល់ថ្ងៃនេះមាន ៣២វត្ត និង៦អាស្រមនៅទូទាំងខេត្ត បានទទួលទេយ្យទាន ជាគ្រឿងឧបភោគបរិភោព្រមទាំង សម្ភារៈប្រើប្រាស់ ក្នុងបរិបទនៃជំងឺកូវីដ១៩នេះ។

ទេយ្យទាន គ្រឿងឧបភោគបរិភោគ និងសម្ភារៈ រួមទាំងបច្ច័យបានវេរប្រគេនដល់វត្តនីមួយៗ នៅពេលនោះ រួមមាន អង្ករចាប់ពី៣០០គីឡូក្រាម មី ទឹកសុទ្ធ ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ ស្ករស ទឹកដោះគោ ភេសជ្ជៈ និងអាល់កុល សម្រាប់ប្រើប្រាស់ក្នុងវិធានអនាម័យ រួមទាំងបច្ច័យ វត្តនីមួយៗទទួលបាន២លានរៀល៕