(ភ្នំពេញ)៖ ទំនិញ និងសាច់បង្កក ចំនួន៣៥កុងតឺន័រ ដែលនាំចូលពីប្រទេសឥណ្ឌា និងបានមកដល់កម្ពុជា មុនអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សម្រេចផ្អាកនាំចូលជាបណ្តោះអាសន្ននោះ ត្រូវបានអនុញ្ញាតឲ្យចរាចរនៅលើទីផ្សារកម្ពុជា ក្រោយតេស្ដគ្មានវិជ្ជមានជំងឺកូវីដ-១៩។

ការសម្រេចឲ្យចរាចរ ទំនិញ និងសាច់បង្កក ដែលនាំចូលពីប្រទេសឥណ្ឌា ៣៥កុងតឺន័រ ខាងលើនេះ ធ្វើឡើងតាមសំណើរ របស់ក្រុមការងារគណៈកម្មការ ចំពោះកិច្ចទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ ក្រោយតេស្ដគ្មានវិជ្ជមានជំងឺកូវីដ-១៩ លើទំនិញ និងសាច់បង្កកទាំងនោះ។

លោក ផាន អូន ជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ទំនិញ និងសាច់បង្កក ទាំងនេះ គឺសុទ្ធតែទំនិញបានមកដល់ មុនរាជរដ្ឋាភិបាល សម្រេចផ្អាកនាំចូល។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោក ផាន អូន បានបញ្ជាក់យ៉ាងដូច្នេះថា «ទំនិញដែលមកនៅកំពង់ផែ ៣៥កុងតឺន័រនោះ គណៈកម្មការចំពោះកិច្ចទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងក្រសួងសុខាភិបាល បានយកមកធ្វើតេស្ដ គ្មានឃើញអ្វីនោះទេ»

លោក ផាន អូន បានបន្ដទៀតថា ក្រោយពីបានធ្វើតេស្ដទំនិញ និងសាច់បង្កក ចំនួន៣៥កុងតឺន័រ ដែលនាំចូលពីប្រទេសឥណ្ឌា គ្មានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ហើយនោះ គណៈកម្មការក៏បានស្នើទៅឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីធ្វើការនាំចេញ។

ជាមួយគ្នានេះ លោក ផាន អូន ក៏បានបញ្ជាក់ឲ្យដឹងផងដែរថា រាជរដ្ឋាភិបាល នៅតែបន្ដផ្អាកជាបណ្តោះអាសន្ន ការនាំចូល និងព្យួរការបំពេញបែបបទ បញ្ចេញទំនិញពីគយ ចំពោះសាច់បង្កក និងមុខទំនិញបង្កក ពីប្រទេសឥណ្ឌា ដោយមិនទាន់ឲ្យមានការនាំចូលនោះទេ។

គូសបញ្ជាក់ថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ បានសម្រេចផ្អាក ជាបណ្តោះអាសន្នការនាំចូល និងព្យួរការបំពេញបែបបទ បញ្ចេញទំនិញពីគយ ចំពោះសាច់បង្កក និងមុខទំនិញបង្កក ដែលអាចមានហានីភ័យផ្សេងទៀត មានប្រភពមកពីប្រទេសឥណ្ឌា។

តាមលិខិតដែលផ្ញើទៅប្រធាននាយកដ្ឋាន សាខា និងការិយាល័យគយ និងរដ្ឋាករ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន ក្នុងនោះ ឲ្យដឹងថា ការសម្រច ខាងលើ ធ្វើឡើងយោងតាមស្ថានភាពយ៉ាងធ្ងន់ធ្ងរ នៃការឆ្លងរាលដាលជំងឺកូវីដ១៩ នៅប្រទេសឥណ្ឌា និងអនុលោមតាមការណែនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានធ្វើការណែនាំឲ្យអនុវត្តជាបណ្តោះអាសន្ន លើការនាំចូលសាច់បង្កក និងមុខទំនិញបង្កក ដែលមានហានិភ័យផ្សេងទៀត មានប្រភពមកពីប្រទេសឥណ្ឌា ដូចខាងក្រោម៖

* ផ្អាកការនាំចូលជាបណ្តោះអាសន្ន នូវមុខទំនិញទាំងនេះ ព្យួរការបំពេញបែបបទបញ្ចេញទំនិញ ពីគយចំពោះប្រភេទទំនិញទាំងនោះ ដែលបានមកដល់ទីលានគយ ឬសន្និធិតយនានារួចហើយ

* ផ្តល់កិច្ចសហការជាមួយគណៈកម្មការចំពោះកិច្ចក្នុងការស្រាវជ្រាវ និងធ្វើតេស្តរកវីរុសផ្សេងៗ ជាពិសេស វីរុសកូវីដ១៩ ព្រមទាំងចូលរួមអនុវត្តវិធានការ ឬសេចក្តីសម្រេចនានារបស់គណៈកម្មការចំពោះកិច្ចពាក់ព័ន្ធនឹងមុខទំនិញទាំងនោះ

* ត្រូវចាត់វិធានការអនាម័យ (ដូចជាការបាញ់ថ្នាំសម្លាប់មេរោគជាដើម) លើមធ្យោបាយផ្ទុក និងសំបកវិចខ្ចប់មុខទំនិញផ្សេងទៀត (ក្រៅពីសាច់បង្កក និងទំនិញបង្កក) ដែលមានប្រភពមកពីប្រទេសឥណ្ឌា

* មន្ត្រីគយមានសមត្ថកិច្ចក្នុងការត្រួតពិនិត្យទំនិញទាំងនោះ ត្រូវប្រកាន់ខ្ជាប់នូវវិធានការអនាម័យផ្ទាល់ខ្លួនបន្ថែម ដោយត្រូវពាក់ម៉ាស់ របាំងការពារមុខ និងស្រោមដៃ៕