(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានចេញលិខិតថ្លែងអំណរគុណចំពោះគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា (គណៈកម្មការទី៧) ដែលបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង ទេសចរណ៍ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការរៀបចំឯកសារយុទ្ធសាស្រ្តដ៏មានសារៈសំខាន់ចំនួន ០២ រួមមាន៖ ផែនទីចង្អុលផ្លូវ ស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ និងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥។

លោក ថោង ខុន សូមថ្លែងអំណរគុណចំពោះ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា ដែលកន្លងមកតែងផ្តល់ការគាំទ្រ ដល់ការអភិវឌ្ឍ វិស័យទេសចរណ៍កម្ពុជា ជាពិសេសលោកប្រធានបានផ្តល់នូវអនុសាសន៍គន្លឹះល្អៗ ដែលបានជាធាតុចូលដ៏មានសារៈសំខាន់ បម្រើដល់ការរៀបចំ ឯកសារផែនទីចង្អុលផ្លូវនេះ។

គួររំលឹកផងដែរថា កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ នាឱកាសជំនួបកិច្ចពិភាក្សាផ្លូវការរវាងគណៈកម្មការទី៧ នៃរដ្ឋសភា ជាមួយក្រសួងទេសចរណ៍ ស្ដីពី «វិធានការជាដំណោះស្រាយចំពោះវិស័យទេសចរណ៍ក្នុងបរិបទកូវីដ-១៩ និងក្រោយកូវីដ-១៩» នៅវិមានរដ្ឋសភាលោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ បានលើកឡើងនូវអនុសាសន៍ជាធាតុចូលមួយចំនួន រួមមាន៖

* ទី១៖ ត្រូវធានាស្តង់ដានៃការការពារដល់ប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរក្នុងស្រុក និងអន្តរជាតិ
* ទី២៖ បន្តជំរុញចលនាទេសចរណ៍ក្នុងស្រុក និងទេសចរណ៍ផ្ទៃក្នុង
* ទី៣៖ សហការយ៉ាងជិតស្និតជាមួយអន្តរជាតិ ជាពិសេសរៀបចំបង្កើតគម្រោង “ការធ្វើដំណើរទេសចរណ៍សុវត្ថិភាព” (Travel Bubble) ជាមួយប្រទេសក្នុងតំបន់
* ទី៤៖ ដើម្បីស្ដារ និងលើកស្ទួយវិស័យទេសចរណ៍ឡើងវិញ គឺទាមទារប្រើប្រាស់ “អភិក្រមនៃការចូលរួម” (Participatory Approach) តម្រូវឱ្យមានការ «រួមគិត រួមធ្វើ រួមទទួលខុសត្រូវ» ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

ឯកសារទាំងពីរដែលរៀបចំដោយក្រសួងទេសចរណ៍ រួមមាន «ផែនទីចង្អុលផ្លូវ ស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩» និង «ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥» ដែលជាយុទ្ធសាស្ត្រអភិវឌ្ឍយូរអង្វែងនេះ ត្រូវបានទទួលការអនុម័តពីរាជរដ្ឋាភិបាល កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ កន្លងមក៕