(បន្ទាយមានជ័យ)៖ ស្ថានីយជញ្ជីងអចល័តកូនដំរី ខេត្តបន្ទាយមានជ័យ បានចេញសេចក្តីប្រកាសព័ត៌មាន ច្រានចោលការចុះផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុកមួយ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ដោយចុះផ្សាយមិនពិត មួលបង្កាច់ចោទប្រកាន់មន្រ្តីស្ថានីយ និងថ្នាក់ដឹកនាំមន្ទីរ ប្រើល្បិចស៊ីភ្នែកជញ្ជីង ដើម្បីគាបយកលុយពីអ្នកបើកបររថយន្តដឹកទំនិញនៅស្ថានីយជញ្ជីងអចល័តកូនដំរី ខេត្តបន្ទាយមានជ័យ។

ក្នុងន័យនេះ ថ្នាក់ដឹកនាំទាំងអស់ និងមន្រ្តីស្ថានីយជញ្ចឹងកូនដំរី ខេត្តបន្ទាយមានជ័យ សូមធ្វើការបំភ្លឺជូនសាធារណជនដូចតទៅ៖

*ការបង្កើតព័ត៌មានបំពុលសង្គមថាមន្ត្រីស្ថានីយ និងថ្នាក់ដឹកនាំមន្ទីរមានការពុករលួយប្រើល្បិចកលធ្វើស៊ីភ្នែកជញ្ជីងថ្លឹងរថយន្តក្នុងការចូលថ្លឹងរថយន្តលើសទម្ងន់ គឺជាការចុះផ្សាយមួលបង្កាច់បំភ្លើសការពិតទាំងស្រុង ព្រមទាំងប្រើប្រាស់រូបភាពចាស់ៗ ខុសពីការពិត ខ្ញុំសូមបដិសេធ គឺមិនមានករណីនេះចំពោះការអនុវត្តការងារនៅក្នុងស្ថានីយទេ។

*ស្ថានីយកូនដំរី មិនដែលបានឃុបឃិតយកកម្រៃថវិកាណាមួយពីក្រុមហ៊ុន ឬម្ចាស់រថយន្តដឹកទំនិញ ឬពុករលួយក្នុងការប្រើល្បិចកលធ្វើស៊ីភ្នែកជញ្ជីងថ្លឹងរថយន្តនោះឡើយ។

*មន្ត្រីអនុវត្តការងារក្នុងស្ថានីយទាំងអស់ បានអនុវត្តរឹតបណ្ដឹងការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ទៅតាមលិខិតបទប្បញ្ញត្តិ លិខិតបទដ្ឋានគតិយុត្តជាធរមាន ដើម្បីធានាការពារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន និងសំណង់សិល្បការ្យផ្លូវថ្នល់ឱ្យបានរឹងមាំស្ថិតស្ថេរគង់វង្ស។

*ជញ្ជីងថ្លឹងរថយន្តរបស់ស្ថានីយកូនដំរី មានស្តង់ដារច្បាស់លាស់ដែលទទួលស្គាល់ដោយមជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ ប្រព័ន្ធគ្រប់គ្រងទិន្នន័យដោយកុំព្យូទ័រមានតម្លាភាព និងសុវត្ថិភាពខ្ពស់។

*ស្ថានីយកូនដំរី សូមថ្លែងអំណរគុណដល់ម្ចាស់រថយន្តដឹកទំនិញទាំងអស់ ដែលបានចូលរួមសហការក្នុងការទប់ស្កាត់ការដឹកទំនិញលើសទម្ងន់កម្រិតកំណត់ខុសច្បាប់ និងអរគុណដល់បណ្តាញសារព័ត៌មាន ដែលបានចូលរួមសហការរួមចំណែករិះគន់ស្ថាបនា ក្នុងន័យរឹតបន្ដឹងច្បាប់ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ឱ្យកាន់តែល្អប្រសើរ។

សូមបញ្ជាក់ថា មន្ត្រីស្ថានីយជញ្ជីងអចល័តកូនដំរី ខេត្តបន្ទាយមានជ័យ បានអនុវត្តការងារដោយគោរពតួនាទីភារកិច្ច និងបទដ្ឋានគតិយុត្តិជាធរមាន ដើម្បីរឹតបន្ដឹងការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។ ក្នុងន័យនេះ សូមសាធារណជន មេត្តាជ្រាប និងជៀសវាងមានការភាន់ច្រឡំ៕