(សៀមរាប)៖ សំណង់សាលាឆាន់ ១ខ្នង ស្ថិតនៅក្នុងវត្តព្រះរាជបូណ៌ដែលជាសម្បត្តិបេតិកភណ្ឌព្រះពុទ្ធសាសនាខ្មែរត្រូវបានជួសជុល និងអភិរក្សឡើងវិញដោយអ្នកជំនាញបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរា ក្រោមការផ្តួចផ្តើមរបស់ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោ និងជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៌។

ព្រះអង្គតែងតែមានព្រះទ័យយកចិត្តទុកដាក់ក្នុងការងារថែរក្សា អភិរក្សនូវសំណង់បេតិកភណ្ឌព្រះពុទ្ធសាសនាក្នុងខេត្តសៀមរាប ដើម្បីចូលរួមចំណែកថែរក្សាមរតកវប្បធម៌ខ្មែរលើវិស័យព្រះពុទ្ធសាសនា ព្រមទាំងអភិរក្ស និងលើកតម្លៃវប្បធម៌នៃសិល្បៈរបស់ខ្មែរពីបុរាណកាលដ៏រស់រវើក ឱ្យនៅឋិតថេរទៅមុខទៀតសម្រាប់ទុកជាកេរដំណែលដល់កូនចៅជំនាន់ក្រោយ។

បច្ចុប្បន្ន សំណង់អគារសាលាឆាន់នៅវត្តព្រះរាជបូណ៌នេះមានបណ្តោយប្រវែង ២២.៨ម៉ែត្រ ទទឹង ២១.២៥ម៉ែត្រ និងកម្ពស់ ១០.៩២ម៉ែត្រ កំពុងស្ថិតក្នុងសភាពចាស់ទ្រុឌទ្រោមដោយសារអាយុកាល ហើយគ្រោងនឹងបញ្ចប់ការជួសជុលនៅខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ ក្រោមការប្រឹក្សាបច្ចេកទេស និងថវិកាទាំងស្រុងពីអាជ្ញាធរជាតិអប្សរា។

គួរបញ្ជាក់ថា នេះជាលើកទីពីរហើយ ដែលអាជ្ញាធរជាតិអប្សរាបានជួសជុលសំណង់បុរាណនៅក្នុងវត្តព្រះរាជបូណ៌ បន្ទាប់ពីបានជួសជុលព្រះវិហារក្នុងវត្តនេះរួចរាល់កាលពីឆ្នាំ២០២០ កន្លងមក៕