(កំពង់ឆ្នាំង)៖ ក្រុមគ្រូពេទ្យវះកាត់ នៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង កាលពីរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ បានវះកាត់អ្នកជំងឺរលាកស្រោមពោះវៀនដោយសារធ្លាយខ្នែងពោះវៀន និងមានវិជ្ជមានកូវីដ១៩ បានដោយជោ គជ័យ។

លោកវេជ្ជបណ្ឌិត ទុំ សម្បត្តិ ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១កន្លងទៅនេះ មានអ្នកជំងឺម្នាក់បានចូលមកមន្ទីរពេទ្យបង្អែកខេត្ត បំណងឲ្យគ្រូពេទ្យជួយ សង្គ្រោះ ខណៈដែលរូបគាត់មានអាការៈឈឺចុកចាប់ក្នុងពោះជាខ្លាំង។ ពេលនោះក្រុមការងារគ្រូពេទ្យ ក៏បានពិនិត្យអ្នកជំងឺទៅតាមបច្ចេកទេស រួមទាំងបានពិនិត្យសំណាករកឃើញវិជ្ជមានកូវីដ១៩ផងដែរ។

លោកវេជ្ជបណ្ឌិត បានបន្តឲ្យដឹងទៀតថា អ្នកជម្ងឺខាងលើនេះឈ្មោះ ស៊ុំ ភ័ស្ស អាយុ១៨ឆ្នាំ មានទីលំនៅភូមិព្រៃជ្រៅ ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ធ្វើការនៅរោងចក្រជីអំពៅ។

បន្ទាប់ពីរូបគាត់មានអាការៈឈឺចុកចាប់ខ្លាំង នៅក្នុងពោះ និងពិនិត្យឃើញថា មានបញ្ហាត្រង់ពោះវៀន ដុះខ្នែង ក្រុមគ្រូពេទ្យក៏បានសម្រេចធ្វើការវះកាត់ដោយរកឃើញថា អ្នកជំងឺបានហូបផ្លែកន្ទួតធ្វើឲ្យគ្រាប់កន្ទួតចូល ទៅក្នុងខ្នែងពោះវៀន បណ្ដាលឲ្យហើមរលួយទើបមានអាការៈឈឺចុកចាប់បែបនេះ។

អ្នកជម្ងឺត្រូវបានក្រុមគ្រូពេទ្យវះកាត់ប្រកបដោយជោគជ័យ និងមានសុវត្ថិភាព បន្ទាប់ពីមានការយកចិត្តទុកដាក់ថែទាំពីក្រុមគ្រូពេទ្យ ហើយបច្ចុប្បន្នអ្នកជំងឺមានអាការៈធូរស្រាលជាបណ្ដើរៗហើយទាំងមុខរបួសវះកាត់ និងជម្ងឺកូវិដ-១ ៩ផងដែរ៕