(ភ្នំពេញ)៖ បណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិ គាំពារសង្គម បានបញ្ជាក់ថា ការផ្ដល់ការឧបត្ថម្ភក្រោមកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ក្រោយពេលបិទខ្ទប់សម្រាប់ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋ មានការលំបាកផ្នែកជីវភាព, ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋ ដែលមានអ្នកឆ្លងជំងឺកូវីដ១៩ និងមានការលំបាកផ្នែកជីវភាព និងគ្រួសារប្រជាពលរដ្ឋ ដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ ២០២១ របស់រាជរដ្ឋាភិបាលនេះ មានគោលបំណងចូលរួមបន្ធូរបន្ថយ នូវបន្ទុកជីវភាពដែលកំពុងជួបការលំបាក ស្របពេលដែលសកម្មភាពសេដ្ឋកិច្ច កំពុងតែចាប់ផ្ដើមដំណើរការឡើងវិញបន្តិចម្ដងៗ ក្រោយការដកចេញនូវវិធានការបិទខ្ទប់ជាលក្ខណៈទ្រង់ទ្រាយធំនេះ។

ការលើកឡើងរបស់បណ្ឌិត ចន ណារិទ្ធ ធ្វើក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីណែនាំស្ដីពីយន្តការ និងនីតិវិធី នៃការអនុវត្តកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ក្រោយពេលបិទខ្ទប់សម្រាប់ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋមានការលំបាកផ្នែកជីវភាព, ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាព និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១។

កិច្ចប្រជុំស្ដីពីការផ្សព្វផ្សាយនេះ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃអង្គារ ១៤កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ក្រោមអធិបតីភាពលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម។

លោកបណ្ឌិតបណ្ឌិតបន្ថែមថា «បើទោះបីជាប្រជាពលរដ្ឋ និងគ្រួសារគោលដៅមិនស្ថិត នៅក្នុងចំណោមគ្រួសារក្រីក្រក្ដី តែពួកគាត់ទទួលរងនូវឥទ្ធិពលអវិជ្ជមាន ទៅលើជីវភាពរស់នៅ ពីការអនុវត្តវិធានការបិទខ្ទប់ ជាលក្ខណៈទ្រង់ទ្រាយធំនៃរាជធានីភ្នំពេញ ក្រុងតាខ្មៅនៃខេត្តកណ្តាល និងក្រុងព្រះសីហនុនៃខេត្តព្រះសីហនុ នាពេលកន្លងមក ដែលនាំឱ្យមានការលំបាកធ្ងន់ធ្ងរផ្នែកជីវភាព»