(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ០៤៖២៦នាទីទៀបភ្លឺ មានករណីដាច់ចរន្តអគ្គិសនី ពីអនុស្ថានីយទី២ (GS2-F3B) មូលហេតុដោយសារ តែមានកម្មករសំណង់យកអន្ទាចងភ្ជាប់ ជាមួយខ្សែបណ្តាញតង់ស្យុងមធ្យម(MV) ធ្វើឲ្យស្រោមអ៊ីសូឡង់ដាច់រលាត់ និងជ្រាបតង់ស្យុង ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនី នៅតំបន់មួយចំនួនស្ថិតនៅ៖ (១) ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ (២) ភូមិព្រែកតាឡុង ភូមិទួលរកា ភូមិទួលរកា៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ (៣) ភូមិព្រែកសំរោង សង្កាត់តាខ្មៅ សង្កាត់ដើមមៀន និងសង្កាត់ព្រែកសំរោង ក្រុងតាខ្មៅ ខេត្តកណ្តាល។

ក្រុមការងារបច្ចេកទេស នឹងធ្វើការភ្ជាប់ចរន្តជូនអតិថិជន ឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង ១០៖៣០នាទីព្រឹក។ លើកលែងតែនៅបន្ទប់ភ្លើងលេខ P2174 ដែលមានទីតាំងសិ្ថតនៅ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្រុមការងារបច្ចេកទេស កំពុងធ្វើការជួសជុលបន្ត ដើម្បីភ្ជាប់ចរន្តអគ្គិសនី ឲ្យអតិថិជនឆាប់មានចរន្តអគ្គិសនី ប្រើប្រាស់ឡើងវិញ នៅពេលទទួលបានព័ត៌មានបន្ថែម ពីការដាច់ចរន្តអគ្គិសនីនេះ ក្រុមការងារនឹងជូនដំណឹងជាបន្តបន្ទាប់ទៀត។

អគ្គិសនីកម្ពុជា អំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលបំពេញការងារជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួល ក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕