(កំពង់ស្ពឺ)៖ ការដ្ឋានបកខ្សាច់មួយកន្លែងមានឈ្មោះថា លក្ខិណា ស្ថិតនៅក្នុងភូមិពាមរស់ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ត្រូវបានប្រជាពលរដ្ឋលួចរាយការណ៍ថា បានបើកដំណើររាប់ឆ្នាំ សង្ស័យមិនមានច្បាប់ទម្លាប់ ត្រឹមត្រូវ និងអាជ្ញាបណ្ណនោះឡើយ និងសូមឲ្យមន្រ្តីជំនាញ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធចុះពិនិត្យជាក់ស្តែងផង។

តែទោះជាយ៉ាងណា ថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ស្ពឺតាមទូរសព្ទ័នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ម្ចាស់ការដ្ឋានបកខ្សាច់លក្ខិណា បានបញ្ជាក់ថា ទីតាំងការដ្ឋានរបស់លោក ជាទីតាំងអាជីវកម្មចាស់មានអាជ្ញាបណ្ណត្រឹមត្រូវ តែបានផុតសុពលភាពទៅហើយ។

លោកថា ប៉ុន្តែក្រោយបញ្ចប់សុពលភាពក្រុមហ៊ុនរបស់លោក បាននិងកំពុងរត់ច្បាប់ដើម្បីសុំអាជ្ញាបណ្ណថ្មី នៅលើទីតាំងមួយកន្លែងផ្សេងទៀត ដោយទិញដីម្ខាងស្ទឹងពីបុគ្គលម្នាក់ស្ថិតក្បែរទីតាំងចាស់។ ខណៈកំពុងរង់ចាំអាជ្ញាបណ្ណ ក្រុមហ៊ុនក៏ឆ្លៀតឱកាសដំណើរការបណ្តើរៗ ទំរាំអាជ្ញាបណ្ណធ្លាក់មកដល់ តែមន្ទីរជំនាញរ៉ែ និងថាមពលខេត្ត ក៏មិនឱ្យរួចខ្លួនដែរ គឺពួកគេនឹងវាស់វែងឡើងវិញពេលឯកសារមកដល់។

លោក មុត ឡុង ប្រធានសមាគមខ្សាច់ប្រចាំនៅតំបន់នោះ ក៏បានបញ្ជាក់ថា លោកមិនច្បាស់ពីបញ្ហាច្បាប់ទម្លាប់របស់ក្រុមហ៊ុនទេ ដោយសមាគមមានតួនាទីក្នុងការពិនិត្យមើលតែផលប៉ះពាល់ផ្សេងៗ ជាមួយពលរដ្ឋ ឬការខូចខាតផ្លូវក្នុងការដឹកជញ្ជូនប៉ុណ្ណោះ ប៉ុន្តែលោកគិតថា ធម្មតាបើក្រុមហ៊ុនគ្មានច្បាប់ ប្រហែលជាមិនអាចដំណើរការបានទេ ប្រាកដជាមន្ត្រី នៃមន្ទីរជំនាញចុះដកហូតជាមិនខាន។

មន្រ្តី មន្ទីររ៉ែ និងថាមពលខេត្តកំពង់ស្ពឺ មិនបានបញ្ជាក់ប្រាប់ពីមូលហេតុអ្វី បានជាក្រុមហ៊ុនដំណើរការបាន ដោយមិនមានអាជ្ញាបណ្ណទោះទេ ដោយម្នាក់ៗមិនអាចបញ្ជាក់ពីមូលហេតុត្រឹមត្រូវ៕