(ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ អាជ្ញាធររាជធានីភ្នំពេញ បានដាក់ឱ្យដំណើរការផ្សាររដ្ឋទាំង២៥លក់ដូរឡើងវិញ ក្រោយពីបានបិទខ្ទប់មិនឱ្យដំណើរការតាំងពីខែមេសា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩ ប៉ុន្តែអាជ្ញាធរទទូចឲ្យគណៈកម្មការផ្សារទំាំងនេះ និងអាជីវករត្រូវរួមគ្នាទប់ស្កាត់ឲ្យខាងតែបានចំពោះវិធានការសុខាភិបាល។

ពេលបើកដំណើរការផ្សាររដ្ឋឡើងវិញនេះ និងដើម្បីចៀសបានការឆ្លងកូវីដ១៩, លោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យស្ថានភាពក្នុងផ្សាទួលទំពូង នៅខណ្ឌចំការមន និងបានជំរុញឱ្យគណ:កម្មការគ្រប់គ្រងផ្សារទួលទំពូង អនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ជាពិសេសពាក់ព័ន្ធវិធានការរបស់ក្រសួងសុខាភិបាល «៣ការពារ និង៣កុំ»។

លោកស្រី បានណែនាំឱ្យមានការផ្សព្វផ្សាយតាមរយ:សារសម្លេងអប់រំ និងវាស់កំដៅនៅតាមច្រកចេញចូលផ្សារ និងត្រូវរក្សាគម្លាតពីគ្នាជាចាំបាច់ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។

ប្រធានគណៈកម្មការគ្រប់គ្រងផ្សារទួលទំពូងលោក ចំរើន សុខលីម បានឱ្យដឹងថា ផ្សារទួលទំពូង ចាប់ផ្តើមលក់នៅព្រឹកនេះ គឺបានគោរពតាមវិធានសុខាភិបាល និងការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ។ លោកថា «ច្រកចូលផ្សារចំនួន៥ ត្រូវបានបើកទ្វារសំរាប់អាជីវករឲ្យបានលក់ដូរ និងទំនិញឧបភោគបរិភោគ ដោយនៅតាមច្រកចេញចូល យើងបានចាត់ចែងឲ្យមានកម្លាំងសន្តិសុខជួយសម្រួល ដោយការបាញ់កម្តៅ លាងអាល់កុល និងធ្វើការស្កេន QR កូដផងដែរ មុននឹងអនុញ្ញាតឱ្យអាជីវករចូលទិញលក់នៅក្នុងផ្សារ»

លោកប្រធានផ្សារទួលទំពូង បានបន្ថែថា «ក្រៅពីអនុវត្តវិធានសុខាភិបាលនៅតាមច្រក ក៏មានដាក់មេក្រូបំពងសំលេងពីសារអប់រំ និងមានការដើរផ្សព្វផ្សាយតាមមេក្រូដល់អ្នកលក់ និងអ្នកទិញផងដែរ ដោយត្រូវដាច់ខាតអនុវត្តវិធាន «៣កាពារ និង៣កុំ» សំដៅទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩»

លោក ចំរើន សុខលីម បានឱ្យដឹងទៀតថា ក្នុងផ្សារទួលទំពូងមានតូបចំនួន១៣៧៤តូប ហើយសំរាប់ថ្ងៃបើកលក់ជាថ្មី មានអាជីរករមកលក់ដូរប្រមាណ ៥០ភាគរយ លោកបានបញ្ជាក់ផងដែរថា ក្រុមអាជីវកដែលលក់ដូរនៅក្នុង្សារ ក៏បានចាក់វ៉ាក់សាំងបានប្រមាណ១១០០នាក់ហើយដែរ។

ដោយឡែកសម្រាប់ផ្សារបឹងកេងកងវិញលោក ឯក និមល ប្រធានគណៈកម្មការគ្រប់គ្រងផ្សារ ក៏បានបញ្ជាក់ឱ្យដឹងដែរថា នៅផ្សារបឹងកេងកង បានដំណើរការហើយនៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ តែលក់តែគ្រឿងហូបចុកតែប៉ុណ្ណោះ ដោយអាជីវករមកលក់ដូរចំនួន៧៦តូប។

ជាមួយគ្នានោះ លោក គួច ចំណាន ប្រធានគណៈកម្មការគ្រប់គ្រងផ្សារច្បារអំពៅ បានបញ្ជាក់ថា ផ្សារច្បារអំពៅ មានបងប្អូនអាជីវករមកលក់ប្រមាណ ២០ភាគរយប៉ុណ្ណោះ ដោយលក់ដូរជាគ្រឿងហូបចុក។

ដោយឡែកលោកស្រី ប៉ុន ដានី ប្រធានគណៈគ្រប់គ្រងផ្សាធំថ្មី បានឱ្យដឹងថា នៅថ្ងៃបើកដំណើរការលក់ដូរនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ចាប់ពីម៉ោង ៥៖៣០នាទីព្រឹក គិតរហូតដល់ម៉ោង ១១៖៣០នាទី ផ្សារធំថ្មីបានចាប់បើកថ្ងៃដំបូង ផ្នែកគ្រឿងឧបភោគ បរិភោគមានតូបនិង គ្រែចល័តសរុប៦២៥ មកលក់បាន១២៥តូប និងគ្រែចល័ត។

លោកស្រីប្រធានផ្សារធំថ្មី ឱ្យដឹងទៀតថា សម្រាប់ផ្សារធំថ្មីបានបើកច្រកចំនួនប្រាំបីច្រក មានកម្លាំងសន្តិសុខឈរជើងចំនួន៣១នាក់ និងសន្តិសុខ២៥នាក់ទៀត ដើរចល័តចុះឡើងមានឧបករណ៍វាស់កំដៅ បាញ់អាល់កុល រក្សាគម្លាត ផ្សព្វផ្សាយឲ្យពាក់ម៉ាស់ស្គេន QR code មុនចូលក្នុងផ្សារ, ផ្សារមានឧបករណ៍វាស់កម្តៅចំនួន២០គ្រឿង និងផ្សារប្រើប្រាស់អាល់កុលក្នុងមួយថ្ងៃអស់២០លីត្រ, ផ្សារដាក់ឧបករណ៍បំពងសំលេងចំនួន ៦គ្រឿង, អតិថិជនចូលផ្សារបានចំនួន៧៧៥នាក់ ក្នុងនោះដែរលោកស្រីប្រធាន បានណែនាំអាជីវករឱ្យអនុវត្តន៍ «៣ការពារ និង៣កុំ» ជាប្រចាំ៕