(ស្វាយរៀង)៖ រដ្ឋបាលក្រុងបាវិត ខេត្តស្វាយរៀង នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងស្តីពី ការផ្អាកជាបណ្តោះអាសន្នការចេញ-ចូលផ្សារជីភូ ស្ថិតក្នុងភូមិគោកល្វៀង សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង រយៈពេល៧ថ្ងៃ ដោយគិតចាប់ពិថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១។ នេះបើយោងតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

រដ្ឋបាលក្រុងបាវិត ជូនដំណឹងដល់ប្រជាពលរដ្ឋ ជាពិសេសអាជីវករទាំងអស់ ក្នុងផ្សារជីភូ ឱ្យបានជ្រាបថាថ្មីៗនេះមានបងប្អូនកម្មករ កម្មការីនីដែលមានជំងឺកូវីដ១៩ បានចេញ-ចូល ទិញទំនិញ និងគ្រឿងឧបភោគបរិភោគ នៅផ្សារជីភូ ស្ថិតនៅក្នុងភូមិគោកល្វៀង សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។ ដោយយោងតាមស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានបងប្អូនកម្មករ កម្មការិនីបម្រើការងារនៅរោងចក្រ បានឆ្លងរាលដាលយ៉ាងឆាប់រហ័ស គួរឱ្យមានការព្រួយបារម្ភ និងចាំបាច់ត្រូវមានវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ជាបន្ទាន់។

រដ្ឋបាលក្រុងបាវិត «សូមផ្អាកដំណើរការជាបណ្តោះអាសន្នរាល់ការចេញ-ចូល ផ្សារជីភូស្ថិតនៅភូមិគោកល្វៀង សង្កាត់ព្រៃអង្គុញ ក្រុងបាវិត រយៈពេល០៧ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងកូដ១៩ ចូលក្នុងសហគមន៍»

ទន្ទឹមនឹងនេះ រដ្ឋបាលក្រុងបាវិត សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ កម្មករ កម្មការិនីទាំងអស់ដែលធ្លាប់ចេញ-ចូលផ្សារជីភូ ឬប៉ះពាល់ជាមួយអ្នកជំងឺកូវីដ១៩ បើមានអាការៈក្តៅខ្លួន ក្អក ពិបាកដកដង្ហើម ហើយមានការសង្ស័យថាឆ្លងមេរោគកូវីដ១៩ សូមអញ្ជើញមកយកសំណាកធ្វើតេស្តរកមេរោគកូវីដ១៩ ជាបន្ទាន់នៅទីតាំងយកសំណាកអតីតយានដ្ឋាន Mr So ឬទំនាក់ទំនង លេខទូរស័ព្ទ៖ ០៨៨ ៦៣៤ ២៧ ០០៕