(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង អញ្ជើញទទួលអំណោយជាសម្ភារបរិក្ខារវេជ្ជសាស្ដ្រ សម្រាប់ប្រើប្រាស់ឆ្លើយតបនឹងជំងឺកូវីដ-១៩ ពីអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា (WHO)។

ពិធីប្រគល់-ទទួលនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ដែលមានការអញ្ជើញចូលរួមដោយផ្ទាល់ ពីលោកស្រីវេជ្ជបណ្ឌិត លី អាយឡាន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា។

សូមបញ្ជាក់ថា អង្គការសុខភាពពិភពលោក គឺជាដៃគូសហប្រតិបត្តិការ ជាមួយក្រសួងសុខាភិបាល ដែលបានផ្តល់ជំនួយទាំងបច្ចេកទេស ថវិកា និងសម្ភារបរិក្ខារវេជ្ជសាស្ត្រ ជាពិសេស ក្នុងការងារបង្ការ ទប់ស្កាត់ និងឆ្លើយតបនឹងជំងឺកូវីដ-១៩។

សម្រាប់សម្ភារបរិក្ខារវេជ្ជសាស្ដ្រ ដែលអង្គការសុខភាពពិភពលោក បានប្រគល់នៅថ្ងៃនេះ រួមមាន៖
* កុំព្យូទ័រយួរដៃចំនួន២៥គ្រឿង
* ម៉ាស៊ីនព្រីនធ័រពហុមុខងារ ចំនួន ២៩គ្រឿង
* Bluetooth Speaker Microphone ចំនួន ៣គ្រឿង
* អាវកាក់ពាក់ក្រៅ មានឡូហ្គោលសង្គ្រោះបន្ទាន់ក្រសួងសុខាភិបាល ចំនួន ១៥អាវ
* មួក មានឡូហ្គោសព្រះបន្ទាន់ ក្រសួងសុខាភិបាល ចំនួន ១៥មួក
* ម៉ាស៊ីនវាស់កំហាប់អុកស៊ីសែន នៅម្រាមដៃចំនួន ១២កេស ស្មើនឹង ១,២០០គ្រឿង។

ក្នុងឱកាសនោះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា អំណោយរបស់អង្គការសុខភាពពិភពលោកនាថ្ងៃនេះ នឹងត្រូវចែកជូនមន្ដ្រីបង្គោលទទួលបន្ទុក ការងារគ្រប់គ្រងគ្រោះមហន្តរាយ នៅរាជធានី-ខេត្ត សម្រាប់ប្រើប្រាស់ក្នុងការប្រមូលទិន្នន័យគ្រោះមហន្ដរាយ ដោយមនុស្សជាអ្នកបង្ក និងគ្រោះមហន្តរាយដោយធម្មជាតិ។

ជាមួយគ្នានោះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះជំនួយឧបត្ថម្ភរបស់ អង្គការសុខភាពពិភពលោក ជាពិសេសលោកស្រីវេជ្ជបណ្ឌិត លី អាយឡាន ដែលតែងតែសហការសម្របសម្រួល និងផ្តល់ជំនួយទាំងបច្ចេកទេស និងថវិកា ជំរុញលើកកម្ពស់សេវាសុខាភិបាលឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាព ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការធ្វើឱ្យកាន់តែប្រសើរឡើងនូវគុណភាពជីវិតរបស់ប្រជាជនកម្ពុជា៕