(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងឱ្យដឹងថា រាជរដ្ឋាភិបាល កំពុងរៀបចំ និងគ្រោងដាក់ចេញផែនការស្តារសេដ្ឋកិច្ចពីវិបត្តិជំងឺកូវីដ១៩ សម្រាប់ឆ្នាំ២០២១-២០២៣ ដើម្បីធ្វើឱ្យសេដ្ឋកិច្ចមានកំណើនឡើងវិញ។

ប្រទេសកម្ពុជា ដែលរក្សាបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ប្រមាណជា ៧ភាគរយរយៈពេល ២១ឆ្នាំមកនោះ នៅឆ្នាំ២០២០ បានជួបនូវវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរហើយអត្រាសេដ្ឋកិច្ចបានធ្លាក់រហូតដល់ប្រមាណដក៣ភាគយ ដោយសារតែវិបត្តិជំងឺកូវីដ១៩។ នៅឆ្នាំ២០២១នេះ សេដ្ឋកិច្ចរបស់កម្ពុជា ក៏មិនទាន់មានភាពច្បាស់លាស់នៅឡើយ ខណៈមានការព្យាករថានឹងមានកំណើនឡើងវិញ។

ក្នុងសន្និសីទអន្តរជាតិលើកទី២៦ ស្តីពី «អនាគតរបស់អាស៊ី» ដែលរៀបចំឡើងដោយក្រុមហ៊ុននីកេ (Nikkei) របស់ជប៉ុន តាមរយៈប្រព័ន្ធវីដេអូ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាប្រែក្លាយវិបត្តិនៃជំងឺកូវីដ-១៩ ទៅជាឱកាសសម្រាប់ការដ្ឋានកំណែទម្រង់កាន់ តែស៊ីជម្រៅសំដៅកសាងប្រព័ន្ធសេដ្ឋកិច្ច និងសង្គម ដែលកាន់តែរឹងមាំ និងមានភាពធន់ទៅនឹងវិបត្តិនាពេលអនាគត។

សម្តេចតេជោ បានគូសបញ្ជាក់ដែរថា រាជរដ្ឋាភិបាលបាននិងកំពុងរៀបចំ ហើយគ្រោងនឹងដាក់ចេញនូវផែនការស្តារសេដ្ឋកិច្ចឡើងវិញ ពីវិបត្តិកូដ-១៩ សម្រាប់ឆ្នាំ២០២១-២០២៣។ ផែនការនេះ ធ្វើឡើងក្នុងគោលបំណងអូសទាញកំណើនសេដ្ឋកិច្ចឱ្យត្រឡប់ទៅខិតជិតកំណើនសក្តានុពលប្រកបដោយចីរភាព និងបរិយាបន្នកម្ម តាមរយៈការធានារក្សានូវសន្តិភាព, សន្តិសុខ, ស្ថិរភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈលើគន្លងនៃប្រក្រតីភាពថ្មី ព្រមទាំងការលើកកម្ពស់ភាពប្រកួតប្រជែង និងជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច ជាពិសេស មូលដ្ឋានឧស្សាហកម្មរឹងមាំ ដែលមានសមត្ថភាពនាំចេញខ្ពស់ និងផ្សាភ្ជាប់កាន់តែខ្លាំងក្លាជាមួយច្រវាក់ផ្គត់ផ្គង់តំបន់ និងពិភពលោក។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានមានប្រសាសន៍ផងដែរថា លើមូលដ្ឋានទាំងនេះ កម្ពុជានឹងផ្តល់អាទិភាពលើការងារសំខាន់ចំនួន៣រួមមាន៖

១៖ ស្តារឡើងវិញ ដោយកសាងមូលដ្ឋាន រឹងមាំសម្រាប់សេដ្ឋកិច្ចវិលទៅមាគ៌ានៃកំណើនឡើងវិញ ដោយផ្តោតលើការធានាសុវត្ថិភាព, ការគ្រប់គ្រង ផលប៉ះពាល់, ការរក្សាលំនឹង និងការជំរុញឱ្យងើបឡើងវិញនៃធុរកិច្ចដែលមានសក្តានុពល។ ជាពិសេស ក្នុងវិស័យដែលទទួលរងផលប៉ះពាល់ខ្លាំង និងការបង្កើតការងារបន្ថែមឱ្យបានច្រើន និងឆាប់រហ័ស។
២៖ កែទម្រង់ដោយបន្តដាក់ចេញវិធានការកែទម្រង់សំខាន់ៗ ជារចនាសម្ព័ន្ធ ដែលរួមមាន ការធ្វើឱ្យប្រសើរ ឡើងនូវបរិយាកាស និងកិច្ចសម្រួលពាណិជ្ជកម្ម, ការវិនិយោគ និងធុរកិច្ច និងការជំរុញ និងការអភិវឌ្ឍឌីជីថលូបនីយកម្មក្នុងប្រព័ន្ធសេដ្ឋកិច្ចទាំងវិស័យសាធារណៈ និងវិស័យឯកជន។
៣៖ កសាងភាពធន់ដោយពង្រឹងការត្រៀមខ្លួន និងការឆ្លើយតបទៅនឹងជំងឺ ឬស្ថានភាពស្រដៀងគ្នា ដែលអាចផ្ទុះឡើងនាពេលអនាគត ដោយផ្តោតលើការអភិវឌ្ឍប្រព័ន្ធសុខាភិបាល និងប្រព័ន្ធគាំពារសង្គម ដែលរឹងមាំ, មានប្រសិទ្ធភាព និងការធានានូវចីរភាព និងបរិយាប័ន្នកម្មនៃការស្តារ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម៕