(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមើលឃើញថា ប្រទេសនៅតំបន់អាស៊ី គឺមានតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំសម័យកាល និងសេដ្ឋកិច្ចភពលោកឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ១៩។

ការកត់សម្គាល់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឡើងក្នុងសន្និសីទអន្តរជាតិលើកទី២៦ ស្តីពី «អនាគតរបស់អាស៊ី» ដែលរៀបចំឡើងដោយក្រុមហ៊ុននីកេ (Nikkei) របស់ជប៉ុន តាមរយៈប្រព័ន្ធវីដេអូ។ សន្និសីទនេះ បានធ្វើឡើងក្រោមប្រធានបទ «ការរៀបចំសម័យកាលថ្មីក្រោយវិបត្តិកូវីដ៖ តួនាទីរបស់អាស៊ីក្នុងការស្តារពិភពលោកឡើងវិញ»។

ក្នុងសុន្ទរកថាគន្លឹះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងកត់សម្គាល់នូវវិបត្តិ និងបញ្ហាប្រឈមមួយចំនួនរបស់ប្រទេសនៅក្នុងតំបន់អាស៊ី និងពិភពលោក ដែលបង្កមកពីការរាតត្បាតនៃជំងឺកូវីដ១៩ និងបញ្ហាផ្សេងៗទៀតនាពេលបច្ចុប្បន្ននេះ។

សម្តេចតេជោ បានគូសបញ្ជាក់ថា ឆ្នាំ២០២០ គឺជាឆ្នាំដ៏លំបាកបំផុតក្នុងប្រវត្តិសាស្ត្រទំនើបរបស់ពិភពលោក ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលបាននិងកំពុងបង្កជាវិបត្តិសុខភាពសាធារណៈយ៉ាងធ្ងន់ធ្ងរ និងឈានដល់ការបន្ទច់បង្អាក់ការអភិវឌ្ឍ សេដ្ឋកិច្ចសង្គមជាសកល។ គ្រប់ប្រទេស និងតំបន់លើសកលលោកសុទ្ធសឹងតែកំពុងរងការប៉ះទង្គិចលើគ្រប់វិស័យ ហើយប្រជាជនជាងមួយរយលាននាក់បានឆ្លង និងរាប់លាននាក់ត្រូវបានបាត់បង់អាយុជីវិត ។

ទន្ទឹមនេះ កំណើនសេដ្ឋកិច្ចសកលក៏ធ្លាក់ចុះក្នុងអាត្រាអវិជ្ជមាន ដែលមិនធ្លាប់មាន បន្ទាប់ពីវិបត្តិហិរញ្ញវត្ថុសកល (Global Financial Crisis) ដោយសារការបង្អាក់ភ្លាមៗ មកលើសកម្មភាពសេដ្ឋកិច្ច, ពាណិជ្ជកម្ម, ច្រវាក់ផ្គត់ផ្គង់, ការតភ្ជាប់ និងការធ្លាក់ចុះយ៉ាងគំហុកនៃតម្រូវការ ពិភពលោក គួបផ្សំនឹងការដាក់ចេញនូវវិធានការរដ្ឋបាលរឹតត្បិតការធ្វើដំណើរ និងបិទខ្ទប់ប្រទេស ដើម្បី ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានលើកឡើងទៀតថា ទោះបីសេដ្ឋកិច្ចសកលឆ្នាំ២០២១ ត្រូវបានរំពឹងថា នឹងងើបឡើងវិញក៏ដោយ ក៏សកលលោកនៅតែប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់ ដោយសារហានិភ័យពីរលកថ្មីនៃជំងឺកូវីដ-១៩ និងការបំប្លែងខ្លួនថ្មីនៃវីរុសកូរ៉ូណា ដែលមានសភាពកាន់តែកាចសាហាវ និងស្រួចស្រាល់ ដែលអាចនឹងបន្តរំខានដល់ជីវភាពសេដ្ឋកិច្ចសកល។

ក្នុងសុន្ទរកថាគន្លឹះនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងពីឧបសគ្គនៃការងើបឡើងវិញ នៃសេដ្ឋកិច្ចពិភពលោក ដោយសារតែការទទួលបានវ៉ាក់សាំងមិនស្មើគ្នារវាងប្រទេសមានសេដ្ឋកិច្ចរីកចម្រើន និងប្រទេសមានសេដ្ឋកិច្ចទាប ឬប្រទេសក្រីក្រ។

សម្តេចតេជោ បានគូសបញ្ជាក់ថា «ការទទួលបានវ៉ាក់សាំងដែលអាចធានាបាននូវភាពសុាំសហគមន៍ (Herd Immunity) នឹងត្រូវចំណាយពេលយូរទៀត ស្របពេលដែលគម្លាតនៃការទទួលបានវ៉ាក់សាំង រវាងប្រទេសកំពុងអភិវឌ្ឍ និងប្រទេសអភិវឌ្ឍន៍ នឹងធ្វើឱ្យមានវិសមភាពសម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ច ដោយសារមានតែប្រទេសមួយចំនួនប៉ុណ្ណោះ អាចស្តារសេដ្ឋកិច្ចខ្លួនឡើងវិញបានប្រសើរ ខណៈប្រទេសជាច្រើនផ្សេងទៀត នឹងបន្តប្រឈមនឹងផលប៉ះពាល់ ទាំងក្នុងផ្នែកសុខាភិបាល និងផ្នែកសេដ្ឋកិច្ច»។

សម្តេចតេជោ ក៏បានបង្ហាញការមើលឃើញផងដែរថា ការកើនឡើងនូវភាពតានតឹងនៃស្ថានភាពភូមិសាស្ត្រនយោបាយតំបន់ និងសង្គ្រាម ពាណិជ្ជកម្ម និងបច្ចេកវិទ្យារវាងប្រទេសមហាអំណាចនានា ក៏នឹងជះឥទ្ធិពលដល់ការអភិវឌ្ឍសកលសម្រាប់ទាំងរយៈពេលខ្លី និងវែងខាងមុខ។ ម្យ៉ាងទៀតកត្តាគំរាមកំហែងលើសន្តិភាព ស្ថិរភាព និងសន្តិសុខផ្សេងៗទៀត ក៏កំពុងលេចឡើងកាន់តែច្បាស់ និងបង្កើនការដាក់សម្ពាធមកលើតំបន់អាស៊ីយើង រួមមាននិន្នាការពហុប៉ូល ការប្រកួតប្រជែងដើម្បីផលប្រយោជន៍ ការប្រែប្រួលនៃតុល្យភាពអំណាចក្នុងតំបន់ ផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិជាដើម ដែលការណ៍ទាំងនេះបានកំពុងបង្កផលប៉ះពាល់ដល់ និងអាចបន្ទច់បង្អាក់ និរន្តភាពនៃដំណើរការអភិវឌ្ឍផងដែរ។

ដើម្បីដោះស្រាយបញ្ហាដូចបានគូសបង្ហាញនេះ សម្តេចតេជោ ហ៊ុន សែន បានមើលឃើញថា ប្រទេសក្នុងតំបន់អាស៊ីមានតួនាទីយ៉ាងសំខាន់។

សម្តេចតេជោ បានថ្លែងគូសបញ្ជាក់យ៉ាងដូច្នេះ «អាស៊ី គឺពិតជាតំបន់ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការត្រួសត្រាយ ផ្លូវដល់ការរៀបចំសម័យកាលថ្មីក្រោយវិបត្តិកូវីដ ជាមួយការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន។ ជាក់ស្តែងវិបត្តិជំងឺកូវីដ-១៩ ក៏បានសបញ្ជាក់យ៉ាងច្បាស់សាជាថ្មីថា អាស៊ី គឺនៅតែជាតំបន់មួយដែលបន្តមានសក្តានុពល និងជាក្ដីរំពឹងក្នុងការជំរុញការងើបឡើងវិញនៃការអភិវឌ្ឍរបស់សកលលោក »

សម្តេចតេជោ ហ៊ុន សែន ក៏បានទាញនូវទឡ្ហីករណ៍មួយចំនួន ដើម្បីបង្ហាញថា អាស៊ីមានតួនាសំខាន់ក្នុងការជួយស្រោចស្រង់ពិភពលោកឡើងវិញ ក្រោយវិបត្តិកូវីដ១៩។

សម្តេចតេជោ បានគូសបញ្ជាក់ថា ក្នុងឆ្នាំ២០២០ បើទោះបីជាពិភពលោកបានជួបប្រទះនឹងកំណើនអវិជ្ជមានក្តី ប្រទេសមួយចំនួននៅតំបន់អាស៊ីនៅតែអាចរក្សាបាននូវកំណើនវិជ្ជមាន។ ជាងនេះទៅទៀត បច្ចុប្បន្នប្រទេសមួយចំនួនក្នុងតំបន់អាស៊ីបានចាប់ផ្តើមនាំមុខលើការជំរុញការស្តាសេដ្ឋកិច្ចតំបន់ និងសកល ដោយទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ បានល្អប្រសើរក្នុងប្រទេសរបស់ខ្លួន ជាពិសេសផ្តល់ការជួយជ្រោមជ្រែងក្នុងការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញ របស់បណ្តាប្រទេសក្នុងតំបន់ តាមរយៈការផ្ដល់ជំនួយ កិច្ចសហប្រតិបត្តិការ និងគំនិតផ្ដួចផ្តើមនានាផងដែរ។

បន្ថែមពីលើនោះ មុននឹងវិបត្តិជំងឺកូវីដ-១៩ កំណើនខ្ពស់ និងការអភិវឌ្ឍលឿន របស់ប្រទេសក្នុងតំបន់អាស៊ីនៅក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ បានប្រែក្លាយតំបន់អាស៊ីទៅជាកម្លាំងចលករដ៏សំខាន់សម្រាប់វឌ្ឍនភាពសង្គម សេដ្ឋកិច្ច, ការកាត់បន្ថយភាពក្រីក្រ និងការបង្កើនប្រាក់ចំណូលប្រជាជន។

«មកទល់ពេលនេះ ចិនជាប្រទេសមានសេដ្ឋកិច្ចធំលំដាប់ទី២ និងជប៉ុនលំដាប់ទី៣ ខណៈដែលសហគមន៍អាស៊ាន និង ឥណ្ឌា មានលំដាប់ទី៥ និងទី៦រៀងគ្នា នៅលើពិភពលោក។ បន្ថែមលើនេះជាមួយនឹងប្រជាជនសរុបប្រមាណជិត ៦០% នៃប្រជាជនពិភពលោក និង ផលិតផលក្នុងស្រុកសរុប (ផ.ស.ស.) ប្រមាណជា ៣០% នៃ ផ.ស.ស. ពិភពលោក, អាស៊ីគឺជាមជ្ឈមណ្ឌលសេដ្ឋកិច្ច, ទីផ្សារ និងចំណុចតភ្ជាប់ (connecting dot) ដ៏សំខាន់ ដែលមានសក្តានុពលខ្ពស់ក្នុងការស្តារ និងជំរុញកិច្ចអភិវឌ្ឍសង្គម សេដ្ឋកិច្ចសកលលោក»។ នេះជាការគូសបញ្ជាក់របស់សម្តេចតេជោ។

ក្នុងសុន្ទរកថានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តល់ទស្សនទានចំនួន ៤ចំណុច ក្នុងការរៀបចំពិភពលោកឡើងវិញ ក្រោយវិបត្តិកូវីដ១៩ផងដែរ។ ទស្សនទានទាំង៤ចំណុចនោះរួមមាន៖

ទី១៖ ចំពោះមុខ ការទប់ស្កាត់ការឆ្លងរីករាលដាល និងការគ្រប់គ្រងផលប៉ះពាល់ដែលបណ្តាលមក ពីជំងឺកូវីដ-១៩ គឺជាកិច្ចការចាំបាច់បំផុត ដើម្បីឱ្យប្រទេសទាំងអស់អាចចាប់ផ្តើមដំណើរការស្តារ និងងើប ឡើងវិញបានប្រកបដោយប្រសិទ្ធភាព។ ការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងជាលក្ខណៈសកលបែបនេះ ទាមទារ នូវសាមគ្គីភាព, ការជឿទុកចិត្ត, ការគិតគូរ និងអនុវត្តរួមគ្នា ប្រកបដោយភាពហ្មត់ចត់ និងក្រោមយន្តការ ពហុភាគីនិយម និងគោរពច្បាប់អន្តរជាតិ និងអធិបតេយ្យភាពរបស់ប្រទេសនីមួយៗ។ ក្នុងស្មារតីនេះ អាស៊ី ត្រូវផ្តល់អាទិភាពខ្ពស់ និងភាពចាំបាច់បំផុតក្នុងការធានាថា វ៉ាក់សាំងបង្ការ និងថ្នាំព្យាបាលជំងឺកូវីដ១៩ គឺជា ទំនិញសាធារណៈសកល (global public goods) ដែលនឹងត្រូវបានផ្គត់ផ្គង់ និងចែកចាយ ក្នុង ស្មារតីមនុស្សធម៌ ទៅដល់គ្រប់ប្រទេសទាំងអស់ ជាពិសេសប្រទេសដែលងាយរងគ្រោះ។

ទី២៖ អាស៊ីចាំបាច់ត្រូវដឹកមុខក្នុងការបើកចំហនូវទីផ្សារពាណិជ្ជកម្មលើឧបករណ៍វេជ្ជសាស្ត្រ និង ការផ្គត់ផ្គង់ស្បៀងអាហារ ដោយមិនត្រូវបានដាក់កម្រិតណាមួយនោះទេ ជាពិសេសត្រូវកាត់បន្ថយ ឬលុបបំបាត់ពន្ធគយ និងកែសម្រួលវិធានមិនមែនពន្ធនានា លើទំនិញនិងសេវាកម្មវេជ្ជសាស្ត្រ, និងលុបបំបាត់ការរឹតត្បិតការនាំចេញស្បៀងទៅកាន់ទីផ្សារអន្តរជាតិ។ ម្យ៉ាងវិញទៀត ក្នុងបរិបទនៃការរាតត្បាតជំងឺកូវីដ១៩ យើងត្រូវជំរុញបរិវត្តន៍ឌីជីថល (digital transformation) តំបន់ ដែលជាប្រភពកំណើនថ្មីសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចតំបន់ តាមរយៈការផ្ដួចផ្តើម និងជំរុញការរៀបចំអភិបាលកិច្ច រួមសម្រាប់ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដែលរាប់បញ្ចូលទាំងការកំណត់ស្ដង់ដារបទប្បញ្ញត្តិ ឯកជនភាព និងការចែករំលែកទិន្នន័យជាដើម។

ទី៣៖ ជាងនេះទៅទៀត អាស៊ីត្រូវពង្រឹងយន្តការក្នុងតំបន់ក្នុងការសម្របសម្រួលការដាក់ចេញគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីធានាឱ្យបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុតំបន់ ទន្ទឹមនឹងការបន្តខិតខំជំរុញលើកកម្ពស់ពិពិធកម្មវិស័យហិរញ្ញវត្ថុ នវានុវត្តន៍ ក៏ដូចជាជំរុញលើកស្ទួយតួនាទី និងជីវភាព របស់វិស័យឯកជន សំដៅជំរុញការវិនិយោគ និងមូលធនឯកជនទៅក្នុងប្រទេសកំពុងអភិវឌ្ឍ ឬ អភិវឌ្ឍទាប ជាពិសេសគឺការវិនិយោគផ្ទាល់ពីបរទេស ដើម្បីបំពេញតម្រូវការផ្នែកហិរញ្ញវត្ថុសម្រាប់ការស្តារ ឡើងវិញនូវកិច្ចអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព។

ទី៤៖ ពង្រឹងគោលការណ៍សកលភាវូបនីយកម្ម, យន្តការពហុភាគីនិយម និងសេរីភាវូបនីយកម្ម ពាណិជ្ជកម្ម និងការវិនិយោគ នៅតែជាកិច្ចការចាំបាច់ តាមរយៈការបន្តធ្វើសមាហរណកម្មសេដ្ឋកិច្ចតំបន់ស៊ីជម្រៅ និងពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់, ឧស្សាហកម្ម, ទិន្នន័យព័ត៌មាន, ធនធានមនុស្ស និងកិច្ចសម្រួលពាណិជ្ជកម្ម។ នាពេលបច្ចុប្បន្ន ការបាត់បង់ភាពជឿទុកចិត្ត, ការប្រកួតប្រជែង, គម្លាតការអភិវឌ្ឍ និង កម្រិតប្រាក់ចំណូល និងវិសមភាពសង្គម បានបង្កឱ្យមានការភ័យខ្លាច ឬបាត់បង់ការគាំទ្រលើគោលការណ៍ សកលភាវូបនីយកម្ម ជាបណ្តើរៗ ស្របជាមួយនឹងការចាកចេញពីយន្តការពហុភាគីនិយមដោយការ គេចវេះពីគោលការណ៍ និងវិធាននៃច្បាប់អន្តរជាតិ។

ក្រៅពីទស្សនទានទាំង៤ខាងលើនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ដែរថា អាស៊ីត្រូវលើកកម្ពស់តួនាទីដឹកនាំរបស់ខ្លួនក្នុងការធានាឱ្យបាននូវកិច្ចសហប្រតិបត្តិការប្រកបដោយស្មារតី បើកចំហ (openness) និងការគាំទ្រប្រព័ន្ធពាណិជ្ជកម្ម ពហុភាគី ដើម្បីបន្តលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម និងធ្វើសមាហរណកម្មការតភ្ជាប់គ្រប់វិស័យដើម្បី ពង្រឹងភាពធន់របស់យើងចំពោះការផ្លាស់ប្ដូរនយោបាយសេដ្ឋកិច្ច និងសង្គម។ ជារួមអាស៊ីត្រូវបន្តកសាង និងថែរក្សាសន្តិភាព និងសន្តិសុខ ក្នុងប្រទេស និងតំបន់ ដែលជាគ្រឹះមិនអាចខ្វះបាន សម្រាប់កិច្ចការងារស្តារសង្គម-សេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩ ក៏ដូចជាការអភិវឌ្ឍរយៈពេលវែង៕

ជាងនេះទៅទៀត ក្នុងកិច្ចដំណើរការស្តារឡើងវិញ អាស៊ីចាំបាច់ត្រូវពង្រឹងភាពជាដៃគូវាង បណ្តាប្រទេសក្នុងតំបន់ និងរវាងប្រទេសនានាលើសកលលោក ក៏ដូចជាតួអង្គអភិវឌ្ឍន៍ទាំងអស់។ ដើម្បីសម្រេចគោលបំណងរួមរបស់យើងប្រកបដោយជោគជ័យ យើងត្រូវតែគោរពនូវគោលការណ៍សន្តិសហវិជ្ជមាន, ការមិនជ្រៀតជ្រែក និងការគោរពបែបផែននៃការរស់នៅ, វប្បធម៌, ប្រពៃណី និងប្រវត្តិសាស្ត្រ ដែលជា គុណតម្លៃរបស់ប្រទេសនីមួយៗ ក្នុងគោលដៅពង្រឹងតម្លៃនៃសន្តិភាព, សេចក្តីថ្លៃថ្នូរ និងសាមគ្គីភាព៕