(តាកែវ)៖ អាជ្ញាធខេត្តតាកែវ បានសម្រេចផ្អាកបណ្ដោះអាសន្ន នូវដំណើរការរបស់គ្រឹះស្ថានមីក្រូហិញ្ញវត្ថុ អម្រឹត សាខាថ្មស ឃុំដូងខ្ពស់ ស្រុកបូរីជលសារ ជាទីតាំងដែលអ្នកវិជ្ជមានកូវីដ១៩ បានប៉ះពាល់ផ្ទាល់ និងដោយប្រយោលជាច្រើននាក់ ពាក់ព័ន្ធក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ រហូតមានការជូនដំណឹងជាថ្មី។ នេះបើតាមសេចក្តីសម្រេច ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ។

ក្នុងសេចក្តីសម្រេចបានឱ្យដឹងថា ការផ្អាកដំណើររបស់របស់គ្រឹះស្ថានមីក្រូហិញ្ញវត្ថុ អម្រឹត សាខាថ្មសនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីកាត់ផ្ដាច់ការឆ្លងរាលដាលនៃជំងឺកូវដ១៩ នៅក្នុងភូមិសាស្ត្រ ដែលត្រូវបានបិទខ្ទប់ និងទប់ស្កាត់ជំងឺនេះ មិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងៗទៀត។

បន្ថែមពីនេះ សូមម្ចាស់គ្រឹះស្ថាន និងបុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ ត្រូវផ្តល់វត្ថុសំណាកដល់មន្ត្រីសុខាភិបាល ទៅវិភាគរកមេរោគកូដ១៩។ ចំពោះម្ចាស់គ្រឹះស្ថាន ត្រូវចូលរួមជាមួយអាជ្ញាធរក្នុងការផ្តល់ព័ត៌មាន ទប់ស្កាត់ស្រាវជ្រាវ និងរុករកអ្នកប៉ះពាល់ផ្សេងៗទៀត ដើម្បីយកសំណាក។ ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តនឹងចុះយកសំណាកពីអ្នកពាក់ព័ន្ធទាំងអស់នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ នៅមណ្ឌលចត្តាឡីស័ក វិទ្យាល័យ សុខ អាន ដូងខ្ពស់។

ក្នុងករណី បុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ណាខកខានមិនបានទៅផ្តល់វត្ថុសំណាក តាមកាលកំណត់ខាងលើ ត្រូវទៅផ្តល់សំណាកនៅមន្ទីរពេទ្យបង្អែក ឬមណ្ឌសុខភាពដែលនៅក្បែរលំនៅស្ថាន៕