(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក យិន គារ អគ្គនាយរងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងលោកស្រី ផន ទៀង នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារនាំយកអំណោយជាស្បៀងអាហារ មកចែកជូនដល់ប្រជាពលរដ្ឋចំនួន ៤៧គ្រួសារ ដែលរស់នៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលរងផលប៉ះពាល់ក្នុងអំឡុងពេលជួបវិបត្តិជំងឺកូវីដ១៩។

ការនាំយកអំណោយមកចែក ជូនដល់ប្រជាពលរដ្ឋ ដែលបានជួបការលំបាកនាពេលនេះ របស់លោកឧត្តមសេនីយ៍ឯក យិន គារ គឺបានបង្ហាញឱ្យឃើញពីទឹកចិត្ត ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាដំណាក់កាលប្រទេសកម្ពុជា កំពុងតែជួបវិបត្តិរាតត្បាតជំងឺកូវីដ១៩ ជាពិសេសព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ។

ក្នុងឱកាសនោះដែរ លោកលោកឧត្តមសេនីយ៍ឯក យិន គារ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងថ្នាក់ដឹកនាំទាំងអស់ ឱ្យប្រជាពលរដ្ឋត្រូវអនុវត្តតាមការណែនាំ របស់អាជ្ញាធរ សង្កាត់-ខណ្ឌ និងក្រុមគ្រូពេទ្យ។

បន្ថែមពីនេះលោកឧត្តមសេនីយ៍ឯក យិន គារ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមឱ្យយកចិត្តទុកដាក់ថែរក្សាសុខភាពឱ្យបានល្អ និងជាពិសេសអនុវត្តវិធានការការពារពីការឆ្លងជំងឺកូវីដ១៩ ដូចខាងក្រោម៖ «៣ការពារ (ពាក់ម៉ាស លាងសម្អាតដៃឱ្យបានញឹកញាប់ គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ចាប់ពី១ម៉ែត្រកន្លះឡើងទៅ និង៣កុំ (កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប្រើម៉ាស៊ីនត្រជាក់ច្រើនពេក, កុំទៅកន្លែងមានមនុស្សច្រើនកុះករ, កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម) និង២ចូលរួម (ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩, ស្កេនកូដទីតាំងទប់ស្កាត់ជំងឺកូវីដ១៩»

លោកឧត្តមសេនីយ៍ឯក ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ត្រូវបន្តខិតខំយកចិត្តទុកដាក់ក្នុងការ ចុះអប់រំផ្សព្វផ្សាយ ណែនាំ អំពីវិធានការការពារនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍របស់ខ្លួន ធ្វើយ៉ាងណាដើម្បីទប់ស្កាត់ឱ្យបាននូវការឆ្លងរាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍របស់យើង។

អំណោយរួមមានដែលនាំយកមកប្រគល់ជូននាពេលនេះរួមមាន៖ អង្ករចំនួន២៥គីឡូ, មី១កេស, ទឹកត្រី១យួរ, ផ្លែស្វាយទុំ០១ឡូ និងថវិកាចំនួន ២០,០០០រៀល ក្នុងមួយគ្រួសារផងដែរ។ ជាមួយនោះ ឧត្តមសេនីយ៍ឯក យិន គារ និងលោកស្រី បានឧបត្ថម្ភជូនក្រុមប្រឹក្សាសង្កាត់ព្រៃស នូវថវិកា៨០០,០០០រៀល និងជីវពល ថវិកា ២០០,០០០រៀល ផងដែរ៕