(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ បានថ្លែងអំណរគុណ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ធំ ដែលបានប្រគល់អំណោយថ្នាំពេទ្យចិន LIANHUA Qingwen jiaonang ចំនួន ២,០០០ប្រអប់ ជូនរដ្ឋបាលខេត្តកំពង់ធំ ដើម្បីប្រើប្រាស់សម្រាប់តម្រូវការចាំបាច់ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលក្នុងប្រទេសកម្ពុជា ក៏ដូចជាកើតមានក្នុងខេត្តកំពង់ធំ។

លោក សុខ លូ បានថ្លែងអំណរគុណដូចនេះ ក្នុងពិធីប្រគល់ទទួល ឱសថបុរាណចិន សម្រាប់ទប់ទល់នឹងជំងឺកូវីដ១៩ ដែលបានធ្វើឡើងក្រោមអធិបតីភាព លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ធំ និងមានការចូលរួមពី ប្រធានមន្ទីរសុខាភិបាលខេត្ត ប្រធានមន្ទីរពេទ្យបង្អែកខេត្ត ប្រធានមន្ទីរពេទ្យបង្អែកស្រុកស្ទោង ស្រុកបារាយណ៍-សន្ទុក និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

សូមជម្រាបថា ឱសថបុរាណចិននេះ ជាជំនួយពីលោក ហ្វង ឈុនឈីង ប្រធានក្រុមបច្ចេកទេស សាងសង់ពហុកីឡាដ្ឋាន ជាតិមរតកតេជោនៃក្រុមហ៊ុនវិស្វកម្មសំណង់ចិន China State Construction Engineering Corporation Ltd (CSCEC) ផ្តល់ជូនលោករដ្ឋមន្ត្រី ថោន ខុន សម្រាប់ប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំង នឹងការរីករាលដាលនៃជំងឺកូវីដ-១៩ នៅមូលដ្ឋានខេត្តកំពង់ធំ។

ថ្នាំពេទ្យចិន LIANHUA Qingwen jiaonang នេះ មានប្រសិទ្ធភាពក្នុងការព្យាបាល ដែលមានអាការៈ ក្អក ផ្តាសសាយ ក្តៅខ្លួន ហើយការព្យាបាលមានរយៈពេលពី ៧-១០ថ្ងៃ។ ថ្នាំពេទ្យនេះត្រូវបានក្រសួងសុខាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន សម្រេចដាក់បញ្ចូលក្នុងផែនការព្យាបាលជំងឺរលាកសួត ប្រភេទថ្មី (ជំងឺកូវីដ-១៩) ផងដែរ។

ក្នុងឱកាសនេះដែរលោករដ្ឋមន្រ្តី ថោង ខុន ក៏បានណែនាំឱ្យរដ្ឋបាលខេត្ត ក៏ដូចជាមន្ត្រីសុខាភិបាលក្នុងខេត្ត ទាំងអស់ យកថ្នាំនេះទៅប្រើប្រាស់ឱ្យបានចំគោលដៅ ដើម្បីធ្វើយ៉ាងណារួមគ្នាទប់ស្កាត់នូវជំងឺកូវីដ១៩ កុំឲ្យមានការរីករាលដាលបន្តទៀតផងដែរ។

ក្នុងឱកាសនេះលោក សុខ លូ ក៏បានផ្តល់លិខិតថ្លែងអំណរគុណតាមរយៈលោក ថោង ខុន ជូនដល់លោក ហ្វង ឈុនឈីង (Wang Qunqing) ដែលមានទឹកចិត្តសប្បុរសធម៌ ផ្តល់នូវអំណោយដ៏ថ្លៃថ្លានេះ ដើម្បីព្យាបាល និងសង្គ្រោះជីវិតអ្នកជំងឺកូវីដ-១៩ នៅកម្ពុជា ពិសេសនៅខេត្តកំពង់ធំ។

សូមជម្រាបជូនថា៖ គិតត្រឹមព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ ខេត្តកំពង់ធំបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន ១២៤នាក់ (ស្រី ៦៣នាក់) ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន ២៤នាក់ (ស្រី ១៥នាក់) និងកំពុងសម្រាកព្យាបាលចំនួន ១០០នាក់ (ស្រី ៤៨នាក់)៕