(បន្ទាយមានជ័យ)៖ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ រួមជាមួយមេបញ្ជាការទិសទី១ បន្ទាយមានជ័យ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងលោកអភិបាលរងខេត្ត នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ បានចុះសំណេះសំណាល និងសួរសុខទុក្ខ ក្រុមគ្រូពេទ្យយោធាអង្គភាពកងពលតូចថ្មើរជើងលេខ៥១ និងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ដែលកំពុងសហការជួយក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ យកសំណាកប្រជាពលរដ្ឋខ្មែ និងជនបរទេស ដែលមានការសង្ស័យឆ្លងជំងឺកូវីដ១៩ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្រុមគ្រូពេទ្យយោធាទិសទី១ យោធភូមិភាគទី៥ បានចុះយកសំណាករយៈពេល៤ថ្ងៃមកហើយ គិតត្រឹមថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះ និងបានយកសំណាកបានជាង ២ពាន់នាក់។

ឧត្តមសេនីយ៍ទោ សេង ធារិន បានបញ្ជាក់ថា ក្រុមគ្រូពេទ្យយោធាចំណុះឱ្យទិសទី១ បន្ទាយមានជ័យ បានបណ្តុះបណ្តាលបច្ចេកទេសយកសំណាក និងព្យាបាលជំងឺកូវីដ-១៩ ដោយក្រុមគ្រូពេទ្យបច្ចេកទេស មកពីមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ដើម្បីចូលរួមចំណែកកាត់ផ្តាច់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងក្រុងប៉ោយប៉ែត ឱ្យបានលឿន និងទាន់ពេលវេលា ធានាបានសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងប្រទេសជាតិ។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ សេង ធារិន បានអរគុណដល់ក្រុមគ្រូពេទ្យយោធាទាំងអស់ ដែលបានខិតខំ បំពេញភារកិច្ចទទួលខុសត្រូវដោយមិនរុញរា ក្នុងបេសកកម្មនេះ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន៕